សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​អំណោយ​មនុស្ស​ធម៌​ជូន​អ្នក​ជំងឺ​ជាង​៥០០នាក់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

ចែករំលែក៖

ភ្នំពេញ​៖ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកជំងឺ​នៅតាមមន្ទីរពេទ្យ ,​ នៅថ្ងៃទី​ ២៥​ ខែតុលា​ ឆ្នាំ២០១៨​​នេះ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន​ ៥៨៤នាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី​អគ្គលេខាធិការ​ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះ​ ថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត​ ដែលបានខិតខំថែទាំ​ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ​ប្រកបដោយក្រមសីលធម៌​ និងវិជ្ជាជីវៈត្រឹមត្រូវ​ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់​និងជឿទុកចិត្ត​ សក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល​ ដែលរួមចំណែក​លើក​កម្ពស់​វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។​

ជាមួយគ្នានេះ​ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខ​ និងសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ​ និងក្រុមគ្រួសាររបស់អ្នកជំងឺ​ទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ បរិភោគអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជៀសវាងនាំឱ្យមានជំងឺ​ ត្រូវ​ជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងត្រូវចេះរស់នៅក្នុងបរិស្ថានដែលស្អាតមានអនាម័យជានិច្ច។

លោកស្រីអគ្គលេខាធិការ​ សូមជូនពរដល់អ្នកជំងឺ​ទាំងអស់​ ឆាប់ជាសះស្បើយពីជំងឺ​បានវិលទៅជួបជុំគ្រួសារឡើងវិញ។

ទន្ទឹមនឹងនេះ​ លោកសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត​ តំណាងឱ្យអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលតែងតែគិតគូរជួយសម្រាលការលំបាកដល់​ប្រជាពល​រដ្ឋ​ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយមនុស្សធម៌ ដែលបានចែកជូនអ្នកជំងឺចំនួន​ ៥៨៤នាក់ ក្នុងម្នាក់ៗទទួលបាន​ ៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស១គីឡូក្រាម ទឹកដោះគោខាប់៤កំប៉ុង នំប្រៃ​១កញ្ចប់​ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ និងថវិកា ៥០,០០០រៀល។

សូមបញ្ជាក់ថា​ ក្នុងខែតុលា​ ឆ្នាំ២០១៨​ ដែលមានពិធីបុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ​ នេះ​ (​ ថ្ងៃទី​ ៤​ ទី​ ១៧​ និងថ្ងៃទី​ ២៥​ )​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺតាមមន្ទីរពេទ្យបានសរុបចំនួន​ ២,៥៧៦នាក់​ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា​ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ​ និងមន្ទីរពេទ្យកាល់ម៉ែត​៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print