ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព ដែលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, កិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ មានរបៀបវារៈដូចតទៅ៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
៣៖ បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
* ៣.១៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។ * ៣.២៖ សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ក៏ត្រូវបានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលរបស់លោក នួន សុខាវី ប្រធានប្រតិភូ គណបក្សពន្លឺថ្មី និងជាប្រធានប្តូរវេនប្រចាំខែតុលាផងដែរ៕
ដោយ៖ សហការី