ភ្នំពេញ ៖ សំណង់ម្នាក់ បានមកតអំពូលភ្លើងភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងការដ្ឋានកំពុងសាងសង់សណ្ឋាគារអេមីអនភ្នំពេញ ទីតាំងលេខ ១៩២ ផ្លូវព្រះស៊ីសុវត្ថិ ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីម៉ោងជាង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ យ៉ាង ចាន់រី អាយុ២៣ឆ្នាំ មុខរបរ ជាងភ្លើង ទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពពត៌មានពីយុវជនម្នាក់ឈ្មោះ សៀង សុណា អាយុ ២៥ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិពង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ម៉ោង១រសៀល រូបគេនិងជនរងគ្រោះបានឡើងមកបន្ទប់លេខ១៦១៦ ដើម្បីតអំពូលភ្លើងនៅក្នុងបន្ទប់ទឹក ពេលនោះជនរងគ្រោះបានដាក់ជណ្តើរឡើងត ចំណែករូបគេនៅខាងក្រៅ បានប្រហែល៥នាទី ស្រាប់តែជនរងគ្រោះស្រែកថា អូយ រូបគេក៏ស្ទុះទៅបិទភ្លើង និងទូរស័ព្ទហៅមេក្រុមមកជួយលើកជនរងគ្រោះចុះមកក្រោម ជួយធ្វើចលនាបានមួយសន្ទុះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមកដល់ក៏ដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គិសនី ស្នាកស្នាមលើខ្លួនសព ស្នាមកោសរលាត់នៅចំហៀងខ្លួនខាងស្តាំ០១កន្លែង ស្នាមកោសរលាត់នៅគុម្ពក្លៀកឆ្វេង០១កន្លែង ស្នាមឆក់ពងស្លោករបកស្បែកនៅម្រាមកណ្តាលដៃឆ្វេង០១កន្លែងស្នាមកោសរលាត់នៅម្រាមចង្អុលដៃឆ្វេង០១កន្លែង ។
សពប្រគល់ឲ្យបងបង្កើតយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ជ្រោយពេជ្រ