ខេត្តស្ទឹងត្រែងៈ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង និង២ខ្នងទៀតឆេះប្រហែល២០ភាគរយ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ម្ចាស់ផ្ទះទី១- ឈ្មោះ ឌី នូចាន់ អាយុ៥២ឆ្នាំ ផ្ទះទំហំទទឹង៩ម៉ែត្រគុណ២០ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះទាំងស្រុង ចំណែកម្ចាស់ផ្ទះទីពីរឈ្មោះ ហឿង ខាំទៀន អាយុ៤២ឆ្នាំ ផ្ទះទំហំទទឹង១០ម៉ែត្រគុណ១៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ឆេះទាំងស្រុង។
ចំណែកផ្ទះ២ខ្នងទៀតខូចខាតតិចតួច ដោយសារមានការជួយអន្តរាគមន៍ពីកម្លាំងអធិការដ្ឋានបានចេញឡានពន្លាត់អគ្គិសភ័យទាន់ពេលវេលា ដោយបានបាញ់អស់ទឹកចំនួន៤ឡាន និងដោយមានកិច្ចសហការពីកម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាពលរដ្ឋ បានជួយបូមទឹកទន្លេជាច្រើនជួយបាញ់ពន្លត់ និងបានគ្រប់គ្រងស្ថានភាពទាំងស្រុងនៅម៉ោង៧និង៣០នាទី។
ចំពោះមូលហេតុនៅមិនទាន់ដឹងច្បាស់នោះទេ តែតាមការសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមានរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ មាស សុផាត