ភ្នំពេញ៖ ជនរងគ្រោះបីនាក់ដែលទើបតែមកពីយកប្អូនចេញពីធ្វើការ ជិះបានពាក់កណ្ដាលផ្លូវត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់បានធ្វើសកម្មភាពបាញ់មួយគ្រាប់ប្លន់យកម៉ូតូស្កូបពីសេរីឆ្នាំ២០១៥ បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព ។
កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចច្រកចូលវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៍ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CL-6062 ជិះគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់ ធ្វើំណើរតាមបណ្តោយផ្លូវលេខ២៧១ ដែលទើបតែមកយកប្អូនចេញពីធ្វើការនៅម្តុំពេទ្យរុស្សី ក្នុងបំណងត្រលប់ទៅផ្ទះខណៈមកដល់ចំណុចកើតហេតុ និងជិតដល់ផ្ទះផងនោះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្កូបពីមួយគ្រឿងមិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមិនចាំម៉ាកមួយដើមបានមកគៀរអោយឈប់ហើយដកកាំភ្លើងពីចង្កោះវាយជនរងគ្រោះម្នាក់បណ្តាលអោយបែកក្បាលនិងបាញ់ឡើងលើមួយគ្រាប់គម្រាមរួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ដើម្បីងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវតាមស្លាកលេខ ។ គួរបញ្ជក់ថា នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌមានជ័យជាពិសេសសង្កាត់បឹងទំពុនតែងតែមានករណីប្លន់ជាញឹកញាប់តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងណាឡើយ ៕
...
ដោយ៖ ភារ៉ា ដង្កោ