ខេត្ដប៉ៃលិន៖ បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសារ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើយដោយរថយន្ដមួយគ្រឿង ដែលបើកបរបត់ខ្វះការប្រុងប្រយ័ត្ន ក៏ ជ្រុលទៅបុកម៉ូតូ១គ្រឿងចំពេញទំហឹង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ ជាតិលេខ៥៧ ត្រង់ចំណុចមុខរូបសំណាក ព្រះស្ដេចកន ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
ប្រភពពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ សំ បុកភាវ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿង ម៉ាកណិសាន ណាវារា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២y ១៦៤៣ បើកក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវ ជាតិលេខ៥៧។ លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានកាច់ចង្កូតបត់ឆ្វេងឡើងចំណោតដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយក៏បានស្លាប់ភ្លាមៗក្រោយបញ្ចូនដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងបានវាស់វែង រួចយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ៕
ដោយ៖ ស សារ៉េត