តម្លៃធ្លាក់ចុះជាបន្តបន្ទាប់ជាឧបសគ្គយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចរុស្ស៊ីនៅក្នុងឆ្នាំ២០១៦ខាងមុខ។តាមការព្យាករណ៍របស់ធានាគារGoldman Searchបានឲ្យដឹងថា តម្លៃប្រេងអាចនឹងថយចុះរហូតដល់ទៅ២០ដុល្លារក្នុងមួយបារ៉ែលនាឆ្នាំ២០១៦។ទាំងនោះអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអាស្រ័យប្រេងសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនដូចជារុស្ស៊ីជាដើម។
តាមលទ្ធផលស្រាវជ្រាវរបស់បណ្តាញព័ត៌មានBloomberg បានប្រកាសឲ្យដឹងថា អ្នកឯកទេសដល់ទៅ៦៣ភាគរយបញ្ជាក់ថាតម្លៃប្រេងធ្លាក់ចុះខ្លាំងនឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុពិបាកក្នុងការស្រោចស្រង់។ទន្ទឹមនឹងនោះរុស្ស៊ីក៏ត្រូវប្រឈមមុខនឹងភាពតានតឹងលើផ្នែកនយោបាយ ប្រព័ន្ធធនាគារក៏ដូចតម្លៃប្រាក់ធ្លាក់ថ្លៃ ។
អ្នកឯកទេសវិភាគលោកSergei Narkevich មកពីធនាគារPAO Promsvyazank នៅទីក្រុងមូស្គូបានបញ្ជាក់ថា ប្រសិនបើតម្លៃប្រេងធ្លាក់ចុះខ្លាំងជាងនេះហើយអូសបន្លាយរយៈពេលយូរនោះនឹងធ្វើឲ្យវិបត្តិកើតឡើងក្នុងប្រព័ន្ធធនាគាររុស្ស៊ី ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកតម្លៃប្រេងធ្លាក់ចុះបានបង្ខំឲ្យរុស្ស៊ីត្រូវកែសម្រួលគោលនយោបាយនិងកាត់បន្ថយការចំណាយដើម្បីឲ្យសមស្របទៅនឹងការធ្លាក់ចុះ បាត់បង់ចំណូល។ ក្នុងករណីតម្លៃប្រេងបន្តធ្លាក់ចុះនោះការកែទម្រង់នៅក្នុងប្រទេសរុស្ស៊ីប្រាកដជាបន្តកើតឡើងហើយអាចបង្កឲ្យមានអសន្តិសុខនយោបាយ។
តម្លៃប្រេងBrent នៅក្នុងទីផ្សារប្រទេសអង់គ្លេសនាពេលកន្លងមកស្ថិតនៅក្នុងតម្លៃ៤៥ដុល្លារក្នុងមួយបារ៉ែលហើយមានទិសដៅធ្លាក់ចុះជាបន្តបន្ទាប់នាពេលខាងមុខ។មួយវិញទៀតសម្ពាធតម្លៃប្រេងធ្លាក់ចុះដោយសារតែចំនួនប្រេងនៅក្នុងឃ្លាំងអាមេរិកនៅសល់ច្រើនលើសលុបរហូតដល់យកទៅផ្ទុកក្នុងឃ្លាំងក្រោមដីទៀតផង ។ ទន្ទឹមនឹងនោះប្រទេសOPEC បានបង្កើតការផលិតប្រេងរបស់ខ្លួនជាចំណុចធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ថ្លៃ។ តាមគម្រោងនៅក្នុងកិច្ចប្រជុំOPEC នាថ្ងៃទី៤ ខែធ្នូ ខាងមុខនេះក្នុងប្រទេសអូទ្រិស្ត OPEC នឹងសម្រេចបន្តរក្សាការផលិតដូចដើម បើទោះបីតម្លៃធ្លាក់ចុះក៏ដោយ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកតម្លៃប្រាក់រូបរបស់រុស្ស៊ីធ្លាក់ថ្លៃរហូតដល់៣២ភាគរយបើប្រៀបធៀបនឹងប្រាក់ដុល្លារ ។
ជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប អាមេរិក លើវិស័យសេដ្ឋកិច្ចរុស្ស៊ីកាន់តែជួបផលំបាកកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ២០១៦ខាងមុខនេះក្នុងពេលដែលរុស្ស៊ីត្រូវការចំណាយច្រើននៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ៕
ប្រែសម្រួល៖ ម៉ែវ សាធី