ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីរកឃើញមានថ្នាំញៀនមួយកញ្ចប់នៅក្នុងហោប៉ៅខោ កាលពីវេលាម៉ោង០១ និង៣០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលមុខសញ្ញារូបនេះកំពុងអង្គុយលើម៉ូតូក្បែរចិញ្ចើមផ្លូវលេខ២១០ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ហេង គីនីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញារក្សាទុកសារធាតុញៀននេះដែរ សមត្ថកិច្ចប៉ូលិសបានធ្វើការរឹបអូស គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ទូរស័ព្ទដៃណូគាចុចពិល០១គ្រឿង ,ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគី លេត ពណ៌ស ពាក់ស្លាកលេខកណ្តាល1Q-6123 ។
ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលបានចេញល្បាតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ពេលកំពុងចេញល្បាតតាមដងផ្លូវនោះក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ចបានចូលទៅសុំធ្វើការឆែកឆេររហូតរកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ