ខេត្តបាត់ដំបង៖ កម្លាំងនគរបាល អន្តរាគមន៍បង្រ្កាប នៃស្នងការនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្រុងបាត់ដំបង បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះជាបន្តបន្ទាប់រួច ទាក់ទិនករណីចោរកម្ម ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ រួមមានទី១ឈ្មោះ ហម ដាវ័ន្ន ហៅប៉ូច ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង និងទី២ឈ្មោះ យឿន ហៅ ម៉ាប់ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺបន្ទាប់ពីកម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងបន្តបន្ទាប់ពីប្រជាជន លើករណីចោរកម្ម និងលួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ចេញប្រតិបត្តិការតាមស្រាវជ្រាវរកមុខសញ្ញានិងឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើតែម្ដង ។
ក្រោយពីត្រូវឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិត ជាបានលួចតាមផ្ទះនិងឆក់កាបូប តាមដងផ្លូវបានចំនួន១២លើក មកហើយ ទើបតែលើកចុងក្រោយនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សហការី