លោកត្រាំពិបាកនៅក្នុងការសម្រេច គោលនយោបាយ ក្រោយគណបក្សប្រជាធិបតេយ្យ ទទួលជ័យជំនះ

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖  គណបក្សប្រជាធិបតេយ្យ ដណ្តើម បានសិទ្ធគ្រប់គ្រងនៅក្នុងសភា​ជាលើកដំបូងក្រោយរយៈពេល ៨ឆ្នាំ ។ ជាមួយនឹងជ័យជំនះនោះ ជាឧបស័គ្គយ៉ាងធំធេង សម្រាប់ប្រធានាធិបតីដូណាលត្រាំ ក្នុងការអនុវត្តគោលនយោបាយដឹកនាំ ពីរឆ្នាំចុងក្រោយនេះ។

នៅពេលខាងមុខ ប្រធានាធិបតី ដូណាលត្រាំ​ត្រូវការសភា អនុម័តគាំទ្រ​ដល់គោលនយោបាយដឹកនាំរបស់លោក ហើយពេលនេះ លោកត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងធំ ពេលគណបក្សប្រជាធិបតេយ្យ គ្រប់គ្រងនៅសភារារាំង គោលនយោបាយរបស់លោក។ ជាមួយគ្នានេះគោលនយោបាយ របស់លោកត្រាំ នៅក្នុងទំនាក់ទំនង ជាមួយ​កូរ៉េខាងជើង រុស្ស៊ី ចិន ឬអីរ៉ង់ និងមជ្ឈឹមបូព៌ា អាចនឹងត្រូវ ពិចារណាផ្លាស់ប្តូរ ។

 គណបក្សនយោបាយត្រូវការ ២១៨អាសនៈ ដើម្បីគ្រប់គ្រងសម្លេងភាគច្រើន ក្នុងសភា ជាន់ខ្ពស់ ។  ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា គណបក្សប្រជាធិបតេយ្យ ត្រូវការតែ ២៣កៅអីពីគណបក្សសាធារណរដ្ឋនោះ  នឹងមានសិទ្ធគ្រប់គ្រងសភា ។

 តើ​អ្វីទៅ​ជា​ការ​បោះឆ្នោត​កណ្តាលអាណត្តិ? តើ​វាមាន​សារៈសំខាន់​យ៉ាងណាខ្លះ ចំពោះ​​លោក​ដូណាល់ ត្រាំ? អាមេរិក​ដូចជា​បោះឆ្នោត​មិនចេះចប់! ជាការពិត នៅ​អាមេរិក ការបោះឆ្នោត​សំខាន់ៗ តែងតែ​រៀបចំ​ធ្វើទៅ នៅ​រៀងរាល់​ ២ឆ្នាំម្តង គឺ​ការបោះឆ្នោត​ប្រធានាធិបតី (អាណត្តិ ៤ឆ្នាំ) ដែល​នៅ​ក្នុងនោះ ក៏​មាន​ការ​បោះឆ្នោត​សភា និង​អភិបាលរដ្ឋ​មួយ​ផ្នែក​ផងដែរ និង​ការ​បោះឆ្នោត​ នៅ​ពេល​ដែលប្រធានាធិបតី​កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ ដែល​គេ​ហៅ​ថា ការ​បោះឆ្នោត​កណ្តាលអាណត្តិ (Midterm Elections)។

នៅថ្ងៃ​អង្គារ ទី៦ វិច្ឆិកា ២០១៨​នេះ ពលរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា (ឬ​សភា​តំណាង) ព្រឹទ្ធសភា និង​អភិបាល​រដ្ឋ ព្រមទាំង​អភិបាលក្រុង និង​​សមាជិក​សភា​នៅ​តាម​រដ្ឋ​នីមួយៗ។

-រដ្ឋសភា៖ សមាជិក​រដ្ឋសភា​ទាំង ៤៣៥ នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី។ នៅ​អាមេរិក សមាជិក​រដ្ឋសភា​មាន​អាណត្តិ​តែ​ពីរឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី ត្រូវ​ធ្វើឡើង នៅរៀងរាល់​ពីរឆ្នាំ​ម្តង គឺ​ម្តង​ស្រប​ពេល​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅ​ក្នុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។

-ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភា​អាមេរិក​មាន​​ចំនួន​សរុប ១០០រូប ហើយ​មាន​អាណត្តិ ៦ឆ្នាំ ដោយ​នៅ​ក្នុង​នោះ គេ​រៀបចំ​ឲ្យ​មាន​សមាជិក​ ១ភាគ៣ (៣៣រូប ឬ ៣៤រូប) ត្រូវ​ផុត​អាណត្តិ​ជា​បន្តបន្ទាប់គ្នា ហើយ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី​នៅ​រៀងរាល់​​ពីរឆ្នាំ​ម្តង គឺ​ម្តង​ស្របពេល​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅ​ក្នុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។ នៅ​ថ្ងៃទី៦​វិច្ឆិកា​នេះ សមាជិក​ព្រឹទ្ធសភា​ដល់​ទៅ ៣៥រូប ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជាថ្មី ដោយសារ​តែ​មាន​ សមាជិក​ ៣៣រូប​ ​ត្រូវ​ផុតអាណត្តិ ចំណែក​ឯ​ ២រូប​ទៀត​បាន​លាឈប់​មុន​ចប់​អាណត្តិ។

-អភិបាលរដ្ឋ៖ សហរដ្ឋ​អាមេរិក មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥០ ហើយ​រដ្ឋនីមួយៗ​ត្រូវ​ដឹកនាំ​ដោយ​អភិបាលរដ្ឋ។ អភិបាលរដ្ឋ​មាន​អាណត្តិ ៤ឆ្នាំ លើកលែង​តែ​នៅ​រដ្ឋ​ពីរ (Vermont និង New Hampshire) ដែល​អភិបាល​រដ្ឋ​មាន​អាណត្តិ​តែ​ពីរឆ្នាំ។ អភិបាលរដ្ឋ​ទាំង ៥០​នេះ មិន​ត្រូវ​បាន​បោះឆ្នោត និង​ចប់​អាណត្តិ​នៅ​ក្នុង​ឆ្នាំតែមួយ​ដូចគ្នា​ទាំងអស់​នោះទេ គឺ​អាស្រ័យ​ទៅ​តាម​ច្បាប់​កំណត់​នៅ​ក្នុង​រដ្ឋ​នីមួយៗ ក៏ប៉ុន្តែ រដ្ឋ​ភាគច្រើន (៣៤រដ្ឋ) បោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​របស់​ខ្លួន នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។

តើ​ការបោះឆ្នោត​កណ្តាលអាណត្តិនេះ​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​លោក​ដូណាល់ ត្រាំ?

សភា​អាមេរិក គឺ​ជា​ស្ថាប័ន​ដែល​កាន់កាប់​អំណាច​នីតិបញ្ញត្តិ ពោលគឺ ជា​អ្នក​ធ្វើ​ច្បាប់ និង​អនុម័ត​ថវិកា ដែល​ជា​ធនធាន​ចាំបាច់ ក្នុងការ​ដាក់ចេញ និង​អនុវត្ត​គោលនយោបាយ​របស់​ប្រធានាធិបតី។ លើសពីនេះ​ទៅទៀត រាល់​ការ​តែងតាំង​ចៅក្រម និង​សមាជិក​រដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការអនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា។

បច្ចុប្បន្ន​នេះ សភា​ទាំងពីរ ពោលគឺ ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ។ ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​អាច​នៅ​បន្ត​កាន់កាប់​សភា​ទាំងពីរ​នេះ​តទៅទៀត វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដាក់ចេញ និង​អនុវត្ត​នូវ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ​​​ជា​បន្ត​ទៅទៀត។ ផ្ទុយ​ទៅវិញ លោក​ដូណាល់ ត្រាំ​នឹង​ត្រូវប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ ប្រសិនបើ​សំឡេង​ភាគច្រើន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ។

បើទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​អាច​ដណ្តើម​កាន់កាប់​តែ​រដ្ឋសភា​មួយ​ក៏ដោយ ក៏​ពួកគេ​អាច​នឹង​​រារាំង​នូវ​នយោបាយ​មួយផ្នែក​របស់​លោក​ដូណាល់ ត្រាំ​បាន​ ហើយ​អាច​បើក​ការ​ស៊ើបអង្កេត ដោយ​មាន​ការ​បើក​សវនាការ​សាធារណៈ និង​ធ្វើ​របាយការណ៍​ស៊ើបអង្កេត ទៅលើ​រឿងអាស្រូវ​ជាច្រើន ដែល​ជាប់ពាក់ព័ន្ធ​នឹង​លោក​ដូណាល់ ត្រាំ ជាពិសេស ទាក់ទង​នឹង​រឿង​រុស្ស៊ី​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត ដែល​គេ​សង្ស័យ​ថា ដើម្បី​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ឈ្នះ កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។

ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ដណ្តើម​កាន់កាប់​បាន​សភា​ទាំងពីរ លោក​ដូណាល់ ត្រាំ អាច​នឹង​​ត្រូវ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ស្មុគស្មាញ​ទៅទៀត ដោយសារ​តែ​ព្រឹទ្ធសភា​មាន​អំណាច​រាំងខ្ទប់​នូវ​ការតែងតាំង​ចៅក្រម និង​រដ្ឋមន្រ្តី។ លើសពីនេះ​ទៅទៀត សភា​ទាំងពីរ​ក៏​មាន​អំណាច​ក្នុងការ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​មុខតំណែងបាន​ផងដែរ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print