ហេតុអ្វី​ ? រាល់​ពិធី​បុណ្យ​អ៊ំ​ទូក​ អាជ្ញាធរ​តែងតែ​ចែក​ស្រោម​អនាម័យយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ដោយ​ឥតគិតថ្លៃ​ ,​ ស្រោម​៣ម៉ឺន​ ត្រៀម​រួច​ជា​ស្រេច​ !

ចែករំលែក៖

ភ្នំពេញ៖ជា​រៀងរាល់​ឆ្នាំ​ ឱ្យ​តែ​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​អ៊ំទូក​ បណ្តែតប្រទីប សំពះព្រះខែ​ និង​ អកអំបុក អាជ្ញាធរ​តែងតែ​ចែក​ស្រោម​អនាម័យ​ ម៉ាក​ Ok ដល់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដោយ​ឥតគិតថ្លៃ​ ។

ប្រជាពលរដ្ឋ​ខ្លះ​សម្តែង​ការ​ងឿងឆ្ងល់​ជុំវិញ​ការ​ចែក​ស្រោម​អនាម័យ​ នេះ​ ។ តាម​ការ​ពិត​ នេះ​ ជា​ការ​ចូលរួម​របស់​អាជ្ញាធរ​ ព្រោះ​ថា​ រាល់​ពេល​ពិធី​បុណ្យ​អ៊ំ​ទូក​ ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​យ៉ាង​ច្រើន​កុះករ​ នឹង​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​ ហើយ​ក្នុង​ឱកាស​នោះ​ ការ​រួមភេទ​ពិត​ជា​កើត​មាន​ឡើង​គេច​មិន​ផុត​ឡើយ​ ។

ដូច្នេះ​ទើប​អាជ្ញាធរ​ ផ្តល់​ជូន​ស្រោម​អនាម័យ​ ដោយ​ឥតគិតថ្លៃ​ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ ពិសេស​ជំងឺ​អេដស៍​តែម្ដង​ ។

នៅ​ឆ្នាំ​នេះ​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យ ចំនួន៣ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងព្រះរាជពិធីបុណ្យអ៊ំទូក​ ។

លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ថ្លែង​ថា​ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និង​ រៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍។

នៅក្នុងឱកាសនោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក៏មានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគ អេដស៍ដោយឥតគិតថ្លៃផងដែរ។

តាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញ​ថា អត្រាឆ្លងជំងឺអេដស៍ថ្មី នៅប្រទេសកម្ពុជាបានថយចុះពី១០០នាក់ នៅឆ្នាំ១៩៩៨ មកនៅត្រឹម៣នាក់ នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់២នាក់ នៅឆ្នាំ២០១៦។

ទោះបីយ៉ាងណាក្ដី តាមការប៉ានស្មានបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៧២០០០នាក់ ក្នុងនោះបានទទួលព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ចំនួន៥៧០០០នាក់ ស្មើនឹង៧៥ភាគរយ៕ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print