ខេត្តបន្ទាយមានជ័យ៖ សង្ស័យត្រូវថ្នាំសណ្តំទើបសមត្ថកិច្ច ជំនាញសំងំឈឹងទុកឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើ តាមទំនើងចិត្ត ជាក់ស្តែងនៅក្បែរសង្តាត់រដ្ឋបាលព្រៃឈើអូរជ្រៅ(សង្កាត់និមិត្ត) ឈ្មួញជើងខ្លាំងហ៊ានដឹកឈើ ប្រណិតតាមគោយន្តចេញពីព្រៃទាំងថ្ងៃមិនញញើត ។ ឃើញសភាពបែបនេះអ្នកយកព័ត៌មាន បានផ្តិតយករូបភាព ស្រាប់តែត្រូវបានស្ត្រីដែលគេល្បីខាងបំផ្លាញព្រៃឈើទាញផ្គាក់ដេញកាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិរស្មីសាមគ្គី ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប្រភពបង្ហើបថា ក្រោយពីអ្នកយកព័ត៌មានម្នាក់ បានធ្វើដំណើរឆ្លងកាត់ពីភូមិខ្លាងាប់ ត្រឡប់ចូលទីរួមខេត្តបន្ទាយមានជ័យ មកចំណុចខាងលើដោយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៩នោះក៏បានប្រទះឃើញគោយន្តចំនួន២គ្រឿងមានដឹកឈើប្រណិតប្រភេទធ្នង់ និងស្រឡៅដែលគេទើបនឹងអារច្រៀកដឹកចេញពីព្រៃយកមកទម្លាក់នៅក្នុងផ្ទះចាន់សាវឿន(ហៅធីម) និងប្រពន្ធ ឈ្មោះធីស្រីផាត(ហៅកឹប) ដែលរស់នៅចំណុចកើតហេតុខាងលើ។
ពេលភ្លាមៗនោះ ដោយធ្វើដំណើរដោយម៉ូតូម្នាក់ឯងផង អ្នកសារព័ត៌មានក៏បានទាក់ទងទៅកាន់លោកនូវ និល ប្រធានរដ្ឋបាលព្រៃឈើតាមទូរស័ព្ទដើម្បី អន្តាគមន៍បង្ក្រាប នៅពេលបានរាយការណ៍ប្រាប់លោកនូវ និល ប្រធានស្នាក់ការរដ្ឋបាលព្រៃឈើឈរជើងនៅក្បែរនោះបានប្រាប់ថា ចាំលោកឲ្យកម្លាំងកូនចៅចុះទៅមើល។
លុះចាំបាត់ៗ អ្នកសារព័ត៌មាន ក៏បានទាយកាមរ៉ាថតយកសកម្មភាពដែលឈ្មួញខាងលើទម្លាក់ឈើពីលើគោយន្តទាំង២គ្រឿងដើម្បីទុកជាភស្តុតាង។
ប្រភពបានបន្តឲ្យដឹងទៀតថា នៅពេលនោះស្រាប់តែស្ត្រីឈ្មោះធីស្រីផាត(ហៅកឹប)ដែលជាប្រពន្ធចាន់សាវឿន(ហៅធីម)នោះ បានជេរប្រមាថ និង រារាំងមិនឲ្យអ្នកព័ត៌មានថត និងប៉ងឆក់យកកាមរ៉ាយកទៅបោកកំទេចចោលតែឆក់មិនបានស្រាប់តែទាញផ្គាក់ពីលើគោយន្តមកប៉ងកាប់មកលើអ្នកសារព័ត៌មានបន្ថែមទៀត។ តែមានស្ត្រីចំណាស់ម្នាក់មកឃាត់និងបានយកផ្គាក់ចេញវិញតែស្ត្រីទំនើងនោះនៅតែស្រែកក្អេងក្អាងបង្កជម្លោះមិនឲ្យអ្នកយកព័ត៌មាន ថតបាន។
ស្ត្រីនោះបានស្រែកប្រាប់អ្នកកាសែតថា នាងនិងប្តីរកស៊ីយូរមកហើយ ឡើងដុះស្លែតាំងអត់អីស៊ីរហូតមានបានលើកផ្ទះធំទ្រនុំខ្ពស់បែបនេះបានគឺគ្មាននរណាហ៊ានក្អក់ជាមួយទេកុំថាឡើយមន្ត្រីជំនាញឬអាប៉ូលិសប៉ុស្តិ៍សង្កាត់និមិត្តនេះ ចង់ឲ្យវា១០នាក់ទៀតក៏អញ្ញមិនព្រឺរោមដែរ ហើយអាអ្នកកាសែតឯងចេះដឹងអីដែរ បើជំនាញបើកដៃឲ្យឈ្មួញឈូសឆាយកាប់បំផ្លាញព្រៃរនាមដូនសំកើតវាលទៅហើយបើចង់ថតចាំអញ្ញនាំទៅថត។
ដោយចាំយូរពេកមិនឃើញមន្ត្រីជំនាញមក ទើបអ្នកសារព័ត៌មាន បានចេញពីកន្លែងកើតហេតុ។ ទោះជាយ៉ាងណានៅជុំវិញនោះគេបានប្រាប់ថាប្តីប្រពន្ធខាងលើនោះគឺជាឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើឡើងដុះស្លែរទៅហើយៗគេបានបង់លុយកាក់ដល់មន្ត្រីជំនាញគ្មានចន្លោះឡើយទាំងមេព្រៃនិងបរិស្ថាន(ស្រុកម៉ាឡៃ)រហូតដល់ប៉ូលីសគ្រប់ស្ថាប័ន្ថអស់ទៅហើយទើបគ្មានអ្នកបង្ក្រាបហើយឲ្យជនខិលខូចបែបនេះឡើងចាងក្នុងការបំផ្លាញព្រៃឈើនៅតំបន់នេះស្ទើរតែហិនហោច។
ប្រភពបញ្ជាក់ថា ភាពអសកម្មនេះហើយសិប្បកម្មកែច្នៃឈើនៅក្រុងប៉ោយប៉ែតទាំងមានច្បាប់ទាំងអត់ច្បាប់កំពុងតែមានកាកើនឡើង ហើយមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើគីលោក នូវ និល មិនទាន់ឃើញសកម្មភាពបង្រាបឡើយ ។ ប្រភពលើកឡើងថាឃើញតែពីប្រមូលប្រាក់ប្រចាំខែតែប៉ុណ្ណោះ ៕
ដោយ៖ វណ្ណា