ភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម បញ្ជាក់ថា ខេត្តកំពត តាកែវ និង កំពង់ស្ពឺ អាចមានភ្លៀងធ្លាក់ខ្លាំង និង អាចបង្កជាជំនន់ទឹកភ្លៀង ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្រសួងធនធានទឹក ជូនដំណឹង ថា វិសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង បានវិវត្តខ្លួនទៅជាកូនព្យុះទី២៧ ឈ្មោះ តូរ៉ាហ្គី “Toragi”និងកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម ។
ព្យុះទី២៧នេះ នឹងធ្វើដំណើរឆ្លងកាត់លើភាគខាងត្បូងប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលជាវិសម្ពាធវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ។
ក្រសួងធនធានទឹក ស្នើឱ្យបងប្អូនប្រជានេសាទ និង អ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕ចេស្តា
...