ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខព្រមទាំងរៀបចំអាហារជូន កុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។ ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ បានធ្វើឡើងនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សប្បាយរីករាយ យ៉ាងខ្លាំងដែលបានអញ្ជើញជួបជាមួយចៅៗ នៅអង្គការគ្រួសារជាថ្មីម្តងទៀត។ តាមការគ្រោងទុក សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញចុះជួបកុមាពិការ និងកុមារគ-ថ្លង់ នៅអង្គការគ្រួសារថ្មីក្នុងមួយឆ្នាំចំនួន២លើក ដើម្បីសំណេះសំណាលផងនិងទទួលទានអាហាររួមគ្នាផង។
ក៏ប៉ុន្តែរយៈពេល២ឆ្នាំកន្លងមកនេះ សម្តេចទាំងទ្វេមិនបានអញ្ជើញមក ដោយសារជាប់បេសកកម្មក្រៅប្រទេសច្រើន។ ប៉ុន្តែទោះសម្តេចទាំងទ្វេមិនបានអញ្ជើញមកមក សម្តេចតែងតែឧបត្តម្ភទំនុកបម្រុងដល់ចៅៗរៀងរាល់ឆ្នាំមិនដែអាក់ខានទេ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ ចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ សម្តេចតេជោ និងក្រុមគ្រួសារតែងបានជួយឧបត្ថម្ភ ប្រចាំខែនូវអង្ករ និងថវិកាដល់មណ្ឌលជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ ដែលត្រូវបានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន និងសប្បុរសជនដែលជាការទទួលខុសត្រូវដោយក្ដីសន្ដោស ប្រណីចំពោះកុមារកុមារពិការភ្នែកនិងកុមារគថ្លង់។ សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កិច្ចការទាំង អស់នេះជាកិច្ចការដែលយើងគប្បីត្រូវធ្វើក្នុងនាមមនុស្សធម៌ ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើតកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសុវត្តិភាពប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាមកកាន់ទីក្រុងភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៌ថាចាប់ពីឆ្នាំ២០១៩តទៅ កុមារពិការ គ-ថ្លង់ និង កុមារកំព្រា ទាំងអស់ត្រូវបានដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា ហើយសម្តេចទាំងទ្វេ នឹងនៅតែឧបត្ថម្ភជួយចៅៗដដែល។ ចំពោះសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺនឹងផ្តល់វិភាគទាន ២០លានរៀលជារៀងរាល់ឆ្នាំដើម្បីជួយៗចៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដាស់តឿនដល់ចៅៗ ដែលជាកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ទាំងអស់ ត្រូវបន្តការខិតខំរៀនសូត្រ ទោះបីកាយសមប្ប ទានមានមិនគ្រប់គ្រាន់ គឺមិនមែនជាឧបគ្គសនោះទេ ឥឡូវនេះមានអក្សស្ទាបដើម្បីផ្តល់ភាពងាយ ស្រួសដល់ចៅៗក្នុងការសិក្សារៀនសូត្រ។ ពេលនេះ កុមារពិការ គ-ថ្លង់ និងកុមារកំព្រា បានកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងមានចៅៗខ្លះទៀតក៏បានចេញបំរើការងារអស់មួយចំនួនហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងកោតសរសើរដល់គណៈគ្រប់គ្រងទាំងអស់នៃអង្គការគ្រួសារថ្មី ក៏ដូចជាមជ្ឈមណ្ឌលដទៃទៀត ព្រមទាំងលោកគ្រូ អ្នកគ្រូ និង បុគ្គលិកដែលបានជួយរួមចំណែកនៅក្នុងការថែទាំកុមារ និងបង្រៀនកុមារពិការភ្នែក និងកុមារគថ្លង់ទាំងអស់នេះ។ សម្តេចក៏សំដែងនូវក្តីរីករាយ ចំពោះ សកម្មភាព របស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលធ្វើឱ្យស្ថានភាព របស់កុមារពិការភ្នែក និងកុមារ គ ថ្លង់ មានភាពកក់ក្តៅដោយសារតែមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់គ្រងទាំងខ្មែរ និង បរទេស បានធ្វើឱ្យកុមារទាំងឡាយមានសុវត្ថិភាព ទាំងក្នុងការស្នាក់អាស្រ័យ និងទទួលបាននូវ ការរៀនសូត្រផងនោះ ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចតេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ចំនួន ៦៩០នាក់ ក្នុងម្នាក់ទទួលបាន ឃីត១កញ្ចប់ (នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំពោះ លោគ្រូអ្នកគ្រូ និងបុគ្គលិក សរុបចំនួន ១៨៨នាក់ គឺក្នុងម្នាក់ៗ ទទួលបាន ឃីត ១កញ្ចប់(នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និថវិកាចំនួន ១០ម៉ឺនរៀល។
ទន្ទឹមនឹងនេះដែរ សម្តេចទាំងទ្វេបានផ្តល់ជូនសម្ភារៈដល់មណ្ឌលកុមារកំព្រាភ្នំពេញថ្មី, តាខ្មៅ, កូលាបទី៤ , ចំការមន និង មណ្ឌលកុមារកំព្រា ផ្កាម្លិះ នូវ មី ៥កេស, ត្រីខ ២កេស, ប៊ីចេង ២គីឡូក្រាម , ស្ករស ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស និងថវិការចំនួន ២លានរៀល។ ចំពោះ មណ្ឌលកុមារកំព្រា គ-ថ្លង់ ច្បារអំពៅ មាន មីចំនួន ២០កេស, ត្រីខ ៥កេស, ប៊ីចេង ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស និងថវិកាចំនួន ៣លានរៀន។
មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខចៅៗនៅតាមតុអាហារ ព្រមទាំងបញ្ចុកអាហារជូនដល់ចៅៗកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ប្រកបដោយក្តីស្រឡាញ់ មេត្តាករុណា និងសប្បាយរីករាយក្រៃលែង៕ចេស្តា