ប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយា បានបង្ហោះរូបភាព ស្តីពីការ ប្រលែងលែងជាមួយសត្វសុនខ គួរឲ្យស្រឡាញ់ Gomi ដែលមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ផ្ញើរជូនកាលពីខែកញ្ញាកន្លងមក។ រូបភាពខាងលើ ជាសញ្ញាមួយបង្ហាញឲ្យឃើញពីទំនាក់ទំនងយ៉ាងល្អប្រសើរ នឹងជាការនឹករលឹកដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
កាលពីខែកញ្ញា លោក គីមជុងអ៊ុន បានជូនកាដូសត្វ សុនខ ពីរក្បាល ប្រភេទ Pungsan ដែលមានឈ្មោះថា Gomi និង Songgang ដល់ សមភាគី ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេ អ៊ីន ដើម្បីជម្រុញសន្តិភាព ក្នុងពេលដែលទំនាក់ទំនងកាន់តែប្រសើរឡើង ។ ពូជសុនខ Pungsan មានភាពល្បីល្បាញពីភាពស្មោះត្រង់ និងពូកែចាប់សត្វ ។ ប្រភេទសត្វសុនខខាងលើត្រូវបានចាត់ទុកថាជាតំណាងជាតិកូរ៉េខាងជើង ។
ពេលថ្មីៗនេះ សុនខ Gomi បង្កើតបានកូន៦ក្បាល ក្នុងនោះ ឈ្មោល៣ និងញី៣ក្បាល។ ប្រធានាធិបតីកូរ៉េខាងត្បូង បាន បង្ហោះរូបភាព ពីរសត្វសុនខគួរឲ្យស្រឡាញ់ទាំងនោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោក កាលពីថ្ងៃទី ២៥ខែវិច្ឆិកា។
ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេ អីន បានសរសេរនៅលើបណ្តាញ Twitter ថា«Gomi មានផ្ទៃពោះពេលមករស់នៅជាមួយយើងខ្ញុំ ។ យើងខ្ញុំសង្ឃឹមថា បញ្ហាកូរ៉េខាងជើង នឹង លូតលាស់ដូចសុនខ ដែលបានបង្កើតកូនយ៉ាងស្រស់ស្អាត»។
ក្រោយពេលសត្វសនខខាងលើ កើតកូន កូរ៉េខាងត្បូង បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធា ធំៗ ៤គ្រឿង ដឹក ផ្លែក្រូច ជាង ២០០តោន ទៅជូនដល់កូរ៉េខាងជើង ដែលជាទឹកចិត្តរបស់ពលរដ្ឋកូរ៉ែខាងត្បូង សម្រាប់កូរ៉េខាងជើង ។ កន្លងមក កូរ៉េខាងជើង ក៏បានផ្តល់កាដូ ផ្សិតមានតម្លៃ ដល់កូរ៉េខាងជើងផងដែរ។
មេដឹកនាំទាំងពីរ ម៉ូនជេ អីន និង គីម ជុងអ៊ុន បានជួបគ្នា៣លើករួមមកហើយក្នុងរយៈពេលមិនដល់១ឆ្នាំ ហើយដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតីម៉ូន ជេអីន ជាមេដឹកនាំកូរ៉េខាងត្បូង ទីមួយដែលបានថ្លែងសន្តរកថា ទៅកាន់ពលរដ្ឋកូរ៉េខាងជើង ។
ពេលថ្មីៗនេះប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញពីការជឿជាក់ថា សង្គ្រាមឧប្បទ្វីប នឹងបញ្ចប់ទៅនៅពេលឆាប់នេះដោយសន្ធិសញ្ញាសន្តិភាព ជំនួសនៅបទឈប់បាញ់កាលពីឆ្នាំ១៩៥៣៕
ដោយ៖ មែវ សាធី