ភ្នំពេញ៖ មិនបានមួយថ្ងៃក្រោយពីការបង្ហោះសាររបស់តារាសម្តែង វ៉ាន់ ម៉ូនីកា ដែលបានរៀបរាប់អំពីផលិតករម្នាក់ហៅនាងទៅដេកក្នុងតម្លៃ៥០ដុល្លារអាមេរិកនោះ ស្រាប់តែអ្នកដឹកនាំសម្តែងជើងចាស់ លោក ជា ឈីម ចេញមុខបញ្ជាក់រឿងនេះជាសាធារណៈ។ ក្រោយចេញមុខច្រានចោលដំណឹងនេះកាន់តែធ្វើឲ្យជម្លោះពាក្យសម្តី និងការហែកកេរគ្នាកាន់តែធំឡើងៗ។
គេចាំបានថាមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពី តារាសម្តែងស្រី នាង វ៉ាន់ ម៉ូនីកា បានទម្លាយសារហូរហែមួយក្រោយពីនាងត្រូវបានអ្នកដឹកនាំសម្តែងម្នាក់ព្យាយាមលួងលោមឲ្យទៅដេកជាមួយជាថ្នូរនឹងទឹកប្រាក់៥០ដុល្លារអាមេរិក និងឲ្យចូលរួមសម្តែង។ សារមិនបញ្ចេញឈ្មោះផលិតករប៉ុន្តែនាងបានបង្ហើបចំណងជើងភាពយន្តមួយដែលត្រៀមចេញថតនៅពេលខ្លាងមុខគឺរឿង”បេះដូងតែមួយ” ដែលធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈផ្ទុះចេញជាពាក្យចចាមអារ៉ាមលឺដល់ត្រចៀកផលិតករ និងជាអ្នកជំនាញថតជើងចាស់លោក ជា ឈីម។ ពាក្យតិះដៀល ឌឺដងផ្លែផ្កា និងប្រមាថនេះបានដុតកម្តៅផលិតកររូបនេះបញ្ចេញសារវិញភ្លាមៗតបទៅតារាសម្តែងវ៉ាន់ ម៉ូនីកា។ លោកលើកឡើងថា ជា ឈីម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកវិញថា «ខ្ញុំបាទឈ្មោះជាឈីមជាផលិតករនឹងជា Cameramanក្នុងអាជីពសិល្បៈជាង៣០ឆ្នាំមកហើយបើទោះបីជាមិនល្បីល្បាយអីអស្ចារ្យក៏ប៉ុន្តែខ្ញុំមានកេរ្តិ៍ឈ្មោះខ្លះៗដែរ អ្នកទាំងអស់គ្នាអាចសួរតារា មួយណាក៏បានដែរថាតើដើម្បីប្ដូរយកភាពល្បីល្បាញត្រូវ តែប្ដូរខ្លួនជាមួយខ្ញុំជាឈីមមែនទេ »។ លោកបានសង្កត់ធ្ងន់ថា ប្រុសណាដែលថាមិនចេះខូចខិល ប្រសិនបើជាខ្ញុំចរចាឡើងគ្រែ ជាមួយស្ត្រីឈ្មោះក ក្នុងតំលៃ២០០ដុល្លារ តែខ្ញុំបែរជាឱ្យគេតែ៥០ដុល្លារ គឺខ្ញុំជាមនុស្សថោកទាប តែក្នុងករណីនេះមិនទាន់បានឡើងលើគ្រែជាមួយគ្នាផង តើថោកទាបដែររឺទេ។
វ៉ាន់ ម៉ូនីកា បានលើកឡើងថានាងមិនចង់បានចំណាប់អារម្មណ៍អ្វីនោះទេ ហើយការណ៍ដែលផលិតកររូបនេះបញ្ចេញសារតបនេះគឺជាការបរិហាកេរ្តិ៍នាង ហើយនាងស្នើឲ្យផលិតកររូបនេះបង្ហាញភស្តុតាងអំពីការចចារទាមទារតម្លៃខ្លួន២០០ដុល្លារនោះជាសាធារណៈ។
គួរបញ្ជាក់ដែរថាកន្លងមកក៏មានលេចចេញរឿងរ៉ាវអាស្រូវចេញពីក្រុមផលិតភាពយន្តមួយចំនួនថាអ្នកដឹកនាំភាពយន្តមួយំនួនតូចបានព្យាយាមអូសទាញតារាប្រុសស្រីមួយចំនួនយកទៅរួមដំណេកជាថ្នូរ នឹងការទទួលបានឱកាសចូលថតភាពយន្ត ឬការងារសិល្បៈមួយចំនួន រហូតដល់ថ្នាក់អាណាព្យាបាលជាច្រើនបានព្យាយាមរារាំងមិនឲ្យកូនចៅពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈព្រោះតែបារម្ភខ្លាចជួបរឿងមិនល្អដូចនេះ។ ក្រៅពីនេះក៏លេចចេញដំណឹងថាតារាប្រុសស្រីមួយចំនួនតូចក៏បានស្ម័គ្រចិត្តបូជាកាយដល់ផលិតករជាថ្នូរនឹងការទទួលឱកាសទទួលបានការងារសិល្បៈផងដែរ៕ ដោយ វឌ្ឍនា