ភ្នំពេញ ៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវ ដល់អ្នកលក់ឱសថ,ម្ចាស់ឱសថដ្ឋានដែលមានការពាក់ពន្ធ័នឹងវិស័យសុខាភិបាលផ្នែកឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានល្អ និងទទួលខុសត្រូវ ទៅលើការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះឧិសថជាអាវុធមុខពី លោកស្រីបានអំពាវនាវបែបនេះ ខណៈលោកស្រីចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ឆ្នាំ២០១៨ របស់គណៈកម្មកាត្រួតពិនិត្យលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ នៅរាជធានីភ្នំពេញ ។កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃអង្គារ៥រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានគ្រប់គ្រងឱសថ ចំណីអាហារនិងគ្រឿង សំអាង របស់ក្រសួងសុខាភិបាល ថា៖ កម្ពុជាពុំមានឱសថក្លែងក្លាយទេ តែកម្ពុជា មានឱសថខុសច្បាប់ ដែលត្រូវបានគេនាំចូល និងផ្តល់សេវាសុខាភិបាលពុំមានច្បាប់អនុញ្ញាតិ។ចំណុចខ្លះពុំទាន់មានច្បាប់អនុញ្ញាតិផងក្រុមហ៊ុនខ្លះធ្វើសកម្មភាពមុនទៅហើយ។ ដូចច្នេះ ការជួបជុំគ្នានៅពេលនេះ សំដៅពង្រឹងការអនុវត្តច្បាប់ លប់បំបាត់ឱសថ ក្លែងក្លាយនិងសេវាសុខា ភិបាលខុសច្បាប់ដែលកើតមានឡើងនៅរាជធានីភ្នំពេញ ឲ្យបានល្អ ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកលក់ឱសថ,ម្ចាស់ឱសថដ្ឋាន ដែលមានការពាក់ពន្ធ័នឹងវិស័យសុខាភិបាលផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ឲ្យបានល្អបំផុតទៅលើការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះឱសថជាអាវុធមុខពី បើយើងយកទៅព្យាបាល ត្រូវជំងឺជាសះ ស្បើយ តែបើយើងប្រើខុស វានឹងមានអន្តរាយដល់អ្នកប្រើ រហូតដល់ បាត់បង់អាយុជីវិតថែមទៀតផង។ ក្នុងរយះពេល៣ខែកន្លងទៅ គណៈកម្មការត្រូតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់រាជធានីភ្នំពេញ បាននិងកំពុងពង្រឹង ត្រួតពិនិត្យ ក៏ដូចពង្រឹងគុណភាពឱសថស្ថាន, ឱសថស្ថានរងមានច្បាប់ចំនួន៩៨៤កន្លែង ឲ្យបានល្អផងដែរ ។
លោកស្រី កែវ សុខពិសី បានបន្ដថា៖ អាជ្ញាធររាធានីភ្នំពេញ បានធ្វើការណែនាំ ទៅដល់អ្នកលក់ឱសថអត់ច្បាប់កើតថ្មីចំនួន១១កន្លែងឲ្យទៅសុំច្បាប់ និងគ្រប់គ្រងឱសថបុរាណមានច្បាប់បានចំនួន៩៦កន្លែង ។ ក្រុមការងារបានចុះអប់រំ ណែនាំដល់ម្ចាស់សេវាឲ្យប្តូរស្លាកសញ្ញាពីពេទ្យធ្មេញមកជាបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញវិញបានចំនួន១៥កន្លែង,ចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺ,ពិគ្រោះផ្ទៃពោះបានជាច្រើនកន្លែង ។
សូមបញ្ជាក់ថា៖ ស្ថិតិសេវាសុខាភិបាលឯកជនមាននៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នមានចំនួន៣៥៣៥ កន្លែងសុទ្ធតែមានច្បាប់អនុញ្ញាតិ ឲ្យធ្វើអាជីវកម្ម និងបម្រើសេវាជួនវិស័យសុខាភិបាលជួនអតិថិជន ៕ ដោយ៖ សំរិត
...