ខេត្តក្រចេះ៖ ប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងបានជំរុញឱ្យអាជ្ញាធរក្រុងក្រចេះជួយចុះរុះរើចោលឧបករណ៍ចាប់ត្រីជាច្រើនប្រភេទដើម្បីរំដោះទឹកភ្លៀងហូរចេញបានឆាប់រហ័ស បន្ទាប់ពីគេដាក់បិទផ្លូវទឹកនៅតាមបឹង ព្រែក និងអូរនានា ក្នុងក្រុងក្រចេះ គ្រាដែលជំនន់ទឹកភ្លៀងពីចំហាយព្យុះUSAGA ដែលបានបង្អុរធ្លាក់យ៉ាងគំហុក បង្កទៅជាជំនន់ទឹកភ្លៀងជន់លិចស្រែស្រូវរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរនោះ ។
បន្ទាប់ពីទទួលសំណូមពរនេះនៅថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨សមត្ថកិច្ចចម្រុះក្រុងក្រចេះបានចុះរុះរើឧបករណ៍នេសាទ នៅតាមតំបន់ជួរព្រែក បឹង ស្ទឹងអូរនានា ក្នុងភូមិសាស្ត្រក្រុងក្រចេះ ។
ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងនៅសង្កាត់រការកណ្តាល ក្រុងក្រចេះ បានលើកឡើងថា មួយរយៈពេលកន្លងមកនេះ អាកាសធាតុនៅខេត្តក្រចេះ បានជួបនូវកូនរដូវប្រាំងមួយដែលបានអូសបន្លាយពេលយូរ បានធ្វើឲ្យស្រូវប្រាំងរបស់ពួកគាត់មានភាពប្រឈមទៅនិងការខ្វះទឹកប្រើប្រាស់ ខណៈសណ្ឋានដីស្រែប្រាំងដែលពួកគាត់ ទើបតែសាបព្រោះត្រូវស្ងួតបែកក្រហែង។
ប្រជាកសិករទាំងនោះបានលើកឡើងទៀតថា ក្នុងអំឡុងពេល២ថ្ងៃមុននេះ ខេត្តក្រចេះទទួលជ្រលងសម្ពាធទាបពីចាំហាយព្យុះ ដែលបានបង្អុរទឹកភ្លៀងយ៉ាងក្រាស់ក្រែលធ្វើឱ្យជន់លិចដំណាំស្រែស្រូវរបស់ពួកគាត់ធ្វើឲ្យពួកគាត់មានការបារម្ភពីការបាត់ទិន្នផលឆ្នាំនេះដោយសារជំនន់ទឹកភ្លៀង បានជន់លិចយូរជាហេតុធ្វើឲ្យស្រូវរបស់ពួកគាត់ប្រឈមនឹងការរលួយដល់ ឬស ម្លោះពួកគាត់សម្រេចនាំសុំឲ្យអាជ្ញា
ធរមូលដ្ឋានចុះរុះរើរបាំងព្រួល និងស្បៃចាប់ត្រូ ដែលគេដាក់ បាំងទឹកព្រែក និងអូរ ដើម្បីរំដោះទឹកហូរបានឆាប់រហ័សតែម្តងទៅ ៕ ប្រាថ្នា