ខេត្តកណ្ដាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា វាយជនរងគ្រោះ៣នាក់ឲ្យរងរបួសធ្ងន់ ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ អាទិត្យ ១០រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៨ នៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្រ្តីនគរបាល ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១ឈ្មោះ សឿន សៀត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងមោក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងបុរីចតុមុខស៊ីធី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(របួសក្បាលចំហៀងខាងស្តាំ១កន្លែង ដេរ៩ថ្នេរ)។ ទី២ឈ្មោះ សឿន អឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា(របួសបបូរមាត់១កន្លែង ដេរ៤ថ្នេរ) និងទី៣ឈ្មោះ ឡា លីម ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសបបូរមាត់ ០១ កន្លែង ដេរ ០៤ថ្នេរ)។
ចំណែកក្រុមជនសង្ស័យមាន៥នាក់ (ស្គាល់ឈ្មោះ ០៣ នាក់)
១.ឈ្មោះ ស្រាយ រ៉ាបូរ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចុងកោះខាងលិច ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បច្បុន្នស្នាក់នៅក្នុងបុរីចតុមុខស៊ីធី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសជាំភ្នែកខាងឆ្វេង ០១កន្លែង) ឃាត់ខ្លួន។
២.ឈ្មោះ រ៉ង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅខេត្តព្រៃវែង (គេចខ្លួន)។
៣.ឈ្មោះ រាក ភេទ ប្រុង អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅខេត្តតាកែវ (គេចខ្លួន) និង២នាក់ទៀតមិនស្គាល់ឈ្មោះ។
សាក្សីបានប្របា់សមត្ថ្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ស្រាយ រ៉ាបូរ ឈ្មោះ រ៉ង ឈ្មោះ រាក និង ២ នាក់ទៀតមិនស្គាល់ឈ្មោះ បានផឹកស្រា ក្នុងរោងមុខបន្ទប់ស្នាក់នៅរបស់ឈ្មោះ សឿន សៀត។ ពេលផឹកស៊ីនោះឈ្មោះ ស្រាយ រ៉ាបូរ ក៏មានទំនាស់ជាមួយប្រពន្ធរបស់ខ្លួនដោយខឹងប្រពន្ធខ្លួនឈ្មោះ ស្រាយ រ៉ាបូរ បានទៅវាយជញ្ជាំងបន្ទប់ស្នាក់នៅរបស់ឈ្មោះ សឿន សៀត ធ្វើឲ្យពេលនោះឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និងឈ្មោះ ឡា លីម បានមកសួរនាំទើបបង្កទំនាស់ពាក្យសម្តីជាមួយឈ្មោះ ស្រាយ រ៉ាបូរ។
ពេលនោះឈ្មោះ សឿន អឿន បានវាយឈ្មោះ ស្រាយ រ៉ាបូរ មួយដៃ ហើយឈ្មោះ ស្រាយ រ៉ាបូរ ក៏វាយតបទៅវិញដែរ បន្ទាប់មកឈ្មោះ រ៉ង ឈ្មោះ រាក និង២ នាក់ទៀតមិនស្គាល់ឈ្មោះ ជាបក្ខពួកឈ្មោះ ស្រាយ រ៉ាបូរ មានកាន់ដែកបំពង់ទីប បានចូលទៅវាយឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និងឈ្មោះ ឡា លីម បណ្តាលឲ្យមានរបួសស្នាម។
ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស្រាយ រ៉ាបូរ ចំណែក ៤នាក់ទៀតបានគេចខ្លួនបានត់រួចបានបញ្ជូនឈ្មោះស្រាយ រ៉ាបូរ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីតែម្តង ៕ ស្អាងជ័យ