ឡាយ លក្ខិណា បង្ហើបដំណឹងរៀបការមុនចេញទៅកាណាដា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសាច់ទ្រលុកទ្រលន់អ្នកនាងឡាយ លក្ខិណា បានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីបន្ទាប់ពីផ្អាកសម្តែងមិនតិចជាង១០ឆ្នាំ។ ក្រៅពីទទួលបានការងារសិល្បៈច្រើនហូរហែតារាស្រីរូននេះក៏បង្ហើបដំណឹងរីករាយសម្រាប់ជីវិតគូស្នេហ៍ដែលអាចនឹងឈានដល់ការចូលរោងការក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

ក្រោយផ្អាកការងារសិល្បៈ និងរស់ក្នុងឈ្មោះជាស្រ្តីមេម៉ាយប្រមាណមួយទសវត្សរិ៍ តារាសម្តែងឡាយ លក្ខិណា វិលរកការសម្តែងជាថ្មីរយៈពេល១ឆ្នាំចុងក្រោយនេះវិញ។ វិលវិញនាងទទួលបានការសម្តែងជាច្រើនបន្តបន្ទាប់ មិននឹកស្មាន បើទោះបីជាការសម្តែងនោះមិនស្ថិតក្នុងតំណែងតួ​ឯក ឬតួរងក្តី។ នាងក៏ទើបនឹងទទួលបានឱកាសចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសកាណាដាផងដែរ។ មុនពេលចាកចេញតារាស្រីរូបនេះបង្ហើបថានាង កំពុងសំឡឹងមើលចិត្តបុរសម្នាក់ដែលនាងបញ្ជាក់ថាជាមនុស្សសាមញ្ញ មានជីវភាពមធ្យម និងចេះផ្តល់តម្លៃឲ្យនាងនិងការងារសិល្បៈ។

នាងថា ការស្វែងយល់ចិត្តគ្នានេះមិនមែនទើបនតែកើតមានទេ គឺយូរគួរសមដែរមុនពេលនាងបង្ហើបប្រាប់នេះ។ នាងបន្តថា អាចនឹងមានដំណឹងល្អឆាប់ ប៉ុន្តែនាងនៅមិនទាន់អាចបញ្ជាក់ថ្ងៃច្បាស់លាស់នៅឡើយ។ នាងថានឹងអាចមានពិធីនានាតាមទំនៀមទម្លាប់ខ្មែរដើម្បីជម្រះភាពសៅហ្មង និងពាក្យចចាមអារ៉ាមជាច្រើនដែលវាយបក់ មកលើនាងក្រោយពេលនាងក្លាយជាស្ត្រីមេម៉ាយ។ នាងថាកន្លងមករឿងអតីតស្វាមី បានធ្វើឲ្យគេយល់ខុសច្រើនមកលើនាងហើយនាងក៏មិនចង់បកស្រាយអ្វីច្រើនដែរ។ នាងថា គូស្នេហ៍ថ្មីនាងចេះយល់ចិត្តច្រើន និងជាមនុស្សសាមញ្ញ ដែលយល់ពីការងារសិល្បៈ គោរពស្រលាញ់ក្រុមគ្រួសារនាង ដែលនាងរំពឹងថានឹងអាចកសាងគ្រួសារកក់ក្តៅមួយបាននៅពេលអនាគត។

តារាស្រីរូបនេះនិងលោកនៅស៊ីនឿនតារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានដឹកដៃគ្នាចេញទៅសម្តែងរួមគ្នានៅទឹកដីប្រទេសកាណាដាជិត២ខែ ហើយពេលនេះពួកគេកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសពលរដ្ឋខ្មែររស់នៅទីនោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print