ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពគាស់ទ្វាផ្ទះបានសម្រេចយកអស់លុយជាង២០០០ដុល្លារ ខណៈម្ចាស់ផ្ទះប្តីប្រពន្ធ២នាក់រវល់យកអីវ៉ាន់ទៅលក់នៅផ្សារដើមគរ តែត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះអាចយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។
ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់២នាក់ប្តីប្រពន្ធប្រកបមុខរបរជាអ្នកលក់ចាប់ហួយ និងលក់គ្រឿងម្ជូរ នៅវេលាកើតហេតុគាត់ទាំង២នាក់បានជិះម៉ូតូឌុបគ្នាទៅផ្សារដើមគរ ដើម្បីទៅទិញអីវ៉ាន់លក់ ពេលត្រឡប់មកដល់ផ្ទះវិញគាត់ក៏ឆ្ងល់ថា «ហេតុអីផ្ទះរបស់គាត់ទ្វាររបើកម្ខាងអញ្ចឹង» ។
ភ្លាមៗនោះគាត់ក៏ទាញទ្វារបិទរួចចាក់សោពីក្រៅ ហើយទៅរាយការណ៍ប្រាប់សមត្ថកិច្ចដែលកំពុងតែល្បាតអោយចុះមកអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលកំពុងតែធ្វើសកម្មភាពនៅក្នុងផ្ទះ ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ បើតាមសំដីរបស់ជនរងគ្រោះវិញបាននិយាយថា ទ្រព្យសម្បត្តិដែលបាត់នៅក្នុងផ្ទះ ក្នុងនោះបាត់លុយអស់ជាង២០០០ដុល្លារ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបាននិយាយថាខ្លួនមិនបានធ្វើសកម្មភាពលួចអ្វីនោះទេ គ្រាន់តែឃ្លានបាយ ឃើញបុរស២នាក់ទៀតដើរចេញមកពីក្នុងផ្ទះនោះទើបខ្លួនក៏ចូលទៅដើម្បីរកបាយហូបតែប៉ុណ្ណោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាវត្ថុតាងដកហូតបានមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១F-២៦៥៨ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វាដើម្បីអោយសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ