ភ្នំពេញ៖ បន្ទាប់ពីបានប្រកួតបញ្ចប់ កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្ដើមពានរង្វាន់ចំនួន២កម្មវិធីនៅ សង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីពេលថ្មីៗកន្លងទៅប្រធានសហ ព័ន្ធកីឡាប្រដាល់កម្ពុជាលោក តែម ម៉ឺន បានប្រកាសរំសាយសមាសភាពគណៈ កម្មការអាជ្ញាកណ្ដាលនិងចៅក្រម ខណៈ ដែលអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ ទូរទស្សន៍ខាងលើធ្លាប់បានអះអាងថា ការប្រកួតដណ្ដើមពានរង្វាន់ TIFFY SUPER FIGHT និងការប្រកួតដណ្ដើម ពានរង្វាន់ស៊ីម៉ងត៍អូដ្ឋត្រូវធ្វើជារៀង រហូតនោះ ។
ប្រភពព័ត៌មានគួរឱ្យទុកចិត្ដបាន បង្ហើបឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូឆ្នាំ ២០១៥ លោក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាបាន ប្រកាសរំសាយសមាសភាពគណៈកម្ម ការអាជ្ញាកណ្ដាលនិងចៅក្រមដែលបានបម្រើការនៅសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ថា ចាប់ពីថ្ងៃសៅរ៍ ទី៥ខែធ្នូ ឆ្នាំ២០១៥តទៅពុំមានការប្រកួតកីឡា ប្រដាល់នៅសង្វៀនទូរទស្សន៍ខាងលើនេះតទៅទៀតឡើយ ។
ពាក់ព័ន្ធនឹងព័ត៌មាននិយាយថា ប្រធាន សហព័ន្ធប្រកាសរំសាយមន្ដ្រីរបស់ខ្លួន ឬក៏ផ្អាកការប្រកួតជាបណ្ដោះអាសន្ននៅសង្វៀនទូរទស្សន៍ខាងលើនេះអ្នកយកព័ត៌មាននគរវត្ដមិនទាន់អាចសុំការពន្យល់ ពីលោក សេង កដិកា អគ្គនាយករង ទូរទស្សន៍ប៉ុស្ដិ៍លេខ៥និងជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់បានទេកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឱ្យ ទស្សនិកអស់ការសង្ស័យ ដោយទូរស័ព្ទ របស់លោកតេចូលតែគ្មានអ្នកទទួល ។
ទន្ទឹមនឹងព័ត៌មានខាងលើនេះដែរអ្នកយកព័ត៌មានកាសែតនគរវត្ដក៏បាន ព្យាយាមទំនាក់ទំនងដើម្បីសុំការពន្យល់ជុំវិញរឿងប្រកាសរំសាយគណៈកម្មការ អាជ្ញាកណ្ដាលនិងចៅក្រមពី លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ដែរ ប៉ុន្ដែពុំបានសម្រេចកាលពីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ពីព្រោះទូរស័ព្ទ របស់លោកតេចូលប៉ុន្ដែគ្មានអ្នកទទួល ដូចទូរស័ព្ទលោក សេង កដិកាដែរ ។
គួររំលឹកថា សង្វៀនប្រដាល់របស់ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទើបបានសម្ពោធ បើកការប្រកួតឡើងវិញកាលពីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ សម្រាប់ កម្មវិធីកំពូលជើងឯក TIFFY SUPER FIGHT ដែលមានកីឡាករមកពីតាម បណ្ដាខេត្ដ-ក្រុងទូទាំងប្រទេស៣២នាក់ ហើយក៏ទើបបានបញ្ចប់កាលពីសបា្ដហ៍ កន្លងទៅក្នុងនោះកីឡាករ ផៃ គឹមហឿត ជាម្ចាស់ជើងឯកពានរង្វាន់ TIFFY SUPER FIGHT អមជាមួយថវិកាចំនួន ៤ពានដុល្លារ ។
ចំណែកកម្មវិធីជើងឯកលើសង្វៀន ស៊ីម៉ងត៍អូដ្ឋបានបើកការប្រកួតកាលពី ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ហើយ ក៏បានប្រកួតបញ្ចប់រដូវទី១របស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដោយតំណែងជាម្ចាស់ជើងឯក លើសង្វៀនស៊ីម៉ងត៍អូដ្ឋបានទៅលើកីឡាករថៃឈ្មោះ Weerachai Menayu thin ក្រោយពីវាយឈ្នះកីឡាករ វ៉ាន់ ចាន់ វ៉េតដោយពិន្ទុ ៕
ដោយ៖ សារីម