ភ្នំពេញ ៖ ប្រភពមួយបានបែកធ្លាយ នាថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូឆ្នាំ២០១៨ ម្សិលមិញនេះថា លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើលិខិតមួយច្បាប់ចុះថ្ងៃទី៣១ តុលា ឆ្នាំ ២០១៨ ស្នើសុំទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេចផ្ទេរភារកិច្ច (ដក) លោកពេជ្រ យ៉ុន ពីប្រធានពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្ស៊ី)ឲ្យទៅបម្រើការការងារនៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃវិញ ។
ប្រភពនោះទម្លាយឲ្យដឹងថា បានជាលោកអភិបាលរាជធានីភ្នំពេញដាក់ការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដកប្រធានពន្ធនាគាររាជធានីភ្នំពេញនោះ បន្ទាប់ពីលោក ពេជ្រ យ៉ុន មិនបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យសមស្របជាប្រធានអង្គភាពនិងគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារមិនបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ ជាមួយនេះដែរលោកពេជ្រ យ៉ុន មិនបានយកចិត្តទុកដាក់ចូលរួមកិច្ចប្រជុំនានាតាមការអញ្ជើញរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងក្នុងអង្គភាពទៀតផង ។ភាពអសកម្មខាងលើនេះបានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ការងារដឹកនាំរបស់អង្គភាពពន្ធនាគារ និងរដ្ឋបាលរាជធានីភ្នំពេញ ។
ប្រភពនោះមិនបានបញ្ជាក់ច្បាស់លាស់ពីមន្រី្តនគរបាលណាម្នាក់ដែលមកជំនួសលោក ពេជ្រ យ៉ុន នោះទេតែមានប្រភពព័ត៌មានគួរឲ្យជឿមួយបានបង្ហើបឲ្យដឹងថា អ្នកដែលត្រូវមកជំនួសតំណែងជាប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) នោះ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងគឺលោក លីម ធីដា ខណៈដែលលោក ពេជ យ៉ុន ត្រូវដកបញ្ឈរជើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
ដោយ៖ ប្រាថ្នា