ភ្នំពេញ៖ ករណីជនសង្ស័យប្រុស-ស្រី២នាក់វាយសម្លាប់យុវជនម្នាក់ប្លន់យកម៉ូតូកាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចដីឡូត៍មួយកន្លែងក្បែងរង្វង់មូលស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងភូមិដើគរ ផ្លូវជាតិលេខ៦ សង្កាត់-ខណ្ឌជ្រោយចង្វា នោះគឺជនសង្ស័យប្រុសស្រី២នាក់បានរៀបគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលស្មាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នោះយកទៅសាកសួរពាក់ព័ន្ធករណីនេះ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះនៅមិនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជនរងគ្រោះពាក់អាវដៃវែងពណ៌ផ្កាឈូក ស្លៀកខោខូវប៊យពណ៌ខៀវ ហើយម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1G-4092។ រីឯជនសង្ស័យប្រុស-ស្រី ដែលឃាត់ខ្លួនបានមានឈ្មោះធឿន គីម ភេទប្រុស អាយុ២២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន ISA មានស្រុកកំណើតនៅភូមិសាម្កាក់ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះហួច ស្រីរត្ន័ អាយុ១៩ឆ្នាំ រសន់ផ្ទះជួលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ មុខរបរអ៊ុតសក់ និងជាអ្នករត់តុនៅភោជនីដ្ឋានផងដែរ។
សមត្ថកិច្ចនគរបាលបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនារីជាជនសង្ស័យនោះបានរៀបចំគម្រោងប្លន់រួចជាស្រេចហើយ ដោយបានហៅឲ្យជនរងគ្រោះឌុបនាងពីម្ដុំស្ទឹងមានជ័យ ដើម្បីទៅរួមភេទនៅក្បែរចំណុចកើតហេតុខាងលើ។ ខណ:ទៅដល់ទីតាំងកើតហេតុនោះ ក៏មានជនសង្ស័យជាសន្តិសុខ ដែលនៅចាំកន្លែងកើតហេតុ ហើយនារីសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ហើយដើរចូលទៅបត់ជើង ភ្លាមនោះនារីជាជនសង្ស័យបានស្រែកថាជនរងគ្រោះចាប់ខ្លួនរំលោភ ហើយក៏ជនសង្ស័យជាសន្តិសុខចេញមកវាយសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូតែម្ដង។
ក្រោយធ្វើសកម្មភាពរួចចេញមកក្រៅក៏ជួបសមត្ថកិច្ចល្បាតឃើញពួកគេប្រឡាក់សុទ្ធតែឈាម ទើបឃាត់ខ្លួនសួរនាំពេលនោះស្ត្រីសង្ស័យថា ជនរងគ្រោះចាប់រំលោភនាង ទើបវាយសន្លប់តែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថានៅក្នុងករណីនេះគឺមានជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។
លុះព្រឹកឡើងសមត្ថកិច្ចជំនាញបានពិនិត្យសាកសពនៅកន្លែងកើតហេតុរួចបានយកទៅតម្កល់នៅវត្តប្រជុំសារគរ ៕
ដោយ៖ ជ្រោយពេជ្រ