ភ្នំពេញ ៖ អាចជាកម្មក្រាស់ ឬវាសនាមិនល្អ នាងជាប្រពន្ធហើយពរពោះ៥ខែទៅហើយ ត្រូវ បានប្តីដែលយកគ្នាមិនបានរៀបការតែងព្យាយាមធ្វើបាបមិនថាកម្លាំងកាយ ឬផ្លូវចិត្ត ពោលគឺ ប្តីរូបនេះបានឌុបនាងដល់ពាក់កណ្តាលរួចទុកចោលចំនួន២ដងគេចពីភាពមិនទទួលខុសត្រូវ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងជាប្រពន្ធមិនស្គាល់ភូមិសាស្ត្ររាជ ធានីភ្នំពេញ បានទួញយំស្របពេលរកកន្លែងស្នាក់នៅតាមសំយ៉ាបផ្ទះគេឯង លាយជាមួយ ពោះអត់បានក្រហាយទឹក កាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ ២រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ ធ្នូឆ្នាំ២០១៨ ។
ស្ត្រីខាងលើបានរៀបរាប់ប្រាប់គេឯងទាំងរលីងរលោងទឹកភ្នែកថា នាងមានឈ្មោះ រី ណា អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ រស់នៅ ខេត្តកំពង់ឆ្នាំង ជាកូនកំព្រាឪពុកម្តាយ។រីឯប្តីហេងស៊យនោះមានឈ្មោះ ផេន វុត្ថា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តព្រៃវែង ធ្លាប់បួសជាលោកសង្ឃហើយសឹកភ្លាម មកស្រលាញ់នាងភ្លាម។ នាងបន្តថា នាងនិងប្តីបានគ្នាជាប្តី ប្រពន្ធជាង១ឆ្នាំមកហើយដោយមិនបានរៀបការត្រឹមត្រូវនោះទេ គ្រាន់តែបានសែនព្រេនតិច តួច ហើយមកដល់ពេលនេះនាងមានផ្ទៃជាង៥ខែមកហើយ ។
ស្ត្រីរូបនេះបន្តទៀតថា កាលពីមួយខែមុនប្តីធ្លាប់យកនាងទៅបោះចោលនៅខេត្តកំពង់ធំម្តងរួមមកហើយព្រោះចង់ដោះដៃ ហើយដោយសារពេលនោះរូបគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយត្រូវបានសមត្ថកិច្ចហៅប្តីមកអប់រំយ៉ាងយូរទើបព្រមទទួលយកនាងធ្វើជាប្រពន្ធវិញរួចយកនាងទៅរស់នៅខាងប្តីឯខេត្តព្រៃវែងខណៈដែលរូបនាង បានដកពាក្យបណ្តឹងវិញនោះ។លុះមកដល់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ប្តីបានលួងលោមនាងថាមកភ្នំពេញដើម្បីរកការងារធ្វើទាំងពីរនាក់ តែពេលមកដល់ភ្នំពេញបាននាំគ្នាទៅដេកនៅផ្ទះសំណាក់មួយអស់រយៈពេល៣ថ្ងៃមកហើយតែរកការងារធ្វើមិនទាន់បានទេ។
ស្រ្តីរូបនេះបន្តថា មកដល់ថ្ងៃចន្ទទី២៤ធ្នូជាថ្ងៃកើតហេតុនេះ ស្រាប់តែប្តីចិត្តអប្រិយ៏បានដឹក យករូបនាងមកទម្លាក់ចោលនៅផ្លូវវែងស្រេង កែងនិងផ្លូវចូលផ្សារដីថ្មី។ នៅម៉ោង៨យប់ដោយបាត់ប្តីយូរមិនឃើញមកវិញគាត់បានទូរស័ព្ទទៅរកប្តីតែមិនចូលសង្ស័យបិតទូរស័ព្ទរួចហើយរូបគាត់បានទូរស័ព្ទទៅបងថ្លៃនៅខេត្តព្រៃវែងបែរជាបងថ្លៃឆ្លើយមកវិញថាមិនស្គាល់នាងទេហើយថែមគំរាមថាឲ្យឈប់ទូរស័ព្ទទៅគេទៀត ប្រយ័ត្នមានបញ្ហា ។
ក្រោយមកអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅថ្នាក់លើ តែពេលនោះមានបុរសចិត្តល្អម្នាក់បានស្ម័គ្រចិត្តដឹកស្ត្រីរងគ្រោះរូបនេះយកទៅឲ្យស្នាក់នៅក្នុងស្ថានីយ៍វិទ្យុក្នុងស្រុកមួយដើម្បីជួយមើលថែមួយរយៈសិន ទម្រាំស្រាវជ្រាវរកប្តីហេងស៊យរបស់គាត់ឃើញមកទទួលយក នាងវិលត្រឡប់ទៅស្រុកកំណើតវិញ ៕ ប្រាថ្នា