លោកស្នងការ ស ថេត មានចំណាត់ការ លើអធិការនគរបាលខណ្ឌដូនពេញ ករណីប្រើប្រាស់កម្លាំងស៊ីវិលជំនួសជំនាញសមត្ថកិច្ចប៉ះពាល់ដល់សង្គមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ បើទោះជាលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញព្យាយាមបិទបាំងនូវរឿងអាស្រូវរបស់ខ្លួន ជាមួយនឹងការបកស្រាយទាំងខ្វះការទទួលខុសត្រូវ ថាខ្លួនមិនបានពាក់ព័ន្ធក្នុងករណីយកកម្លាំងស៊ីវិល ប្រើប្រាស់ជំនួសសមត្ថកិច្ច ដើម្បីផលប្រយោជន៍ និងចាត់ទុកថាការផ្សព្វផ្សាយលើគេហទំព័រក្នុងស្រុកចំនួន៣ ផ្សាយ មិនពិត បំភ្លើស គ្មានវិជ្ជាជីវៈ សុទ្ធតែភាសាធ្ងន់ៗនោះក៏ដោយ ។

ប៉ុន្តែអ្វីដែលជាការណ៍ពិត វានៅតែជាការណ៍ពិត ដដែលទេ ក្នុងនោះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងរឿងនេះ បង្ហាញពីជំហរ មិនគាំទ្រ ចំពោះចំណាត់ការដឹកនាំរបស់លោក អធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ អនុវត្តន៍ផ្ទុយអំពីតួនាទី ភារកិច្ច យកកម្លាំងស៊ីវិលមកប្រើ ប្រាស់ជំនួសសមត្ថកិច្ច ហើយរាលដាលទង្វើដ៏អាក្រក់នេះ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច រងការរិះគន់ពី មជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ ។

ប្រភពបានបង្ហើបថា លោកស្នងការ ស ថេត បានចាត់ឲ្យស្នងការរងមួយរូបចុះស៊ើបអង្កេតក្នុងរឿងនេះជាបន្ទាន់ ដើម្បីរកឲ្យឃើញការណ៍ពិត ក្នុងនោះលោកស្នងការរង ដែលមានភារកិច្ចចុះស្រាវជ្រាវ ក៏ទទួលស្គាល់ថា លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រើប្រាស់កម្លាំងស៊ីវិល ដូចសារព័ត៌មាននគរវត្ត និង គេហ​ទំព័រដទៃទៀតចុះផ្សាយពិតមែន ។ ករណីនេះ ថ្នាក់លើនឹងមានវិធានការ ទៅតាមវិន័យរបស់កងកម្លាំង ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានប្រាប់អង្គភាពនគរដ្រេហ្គនតាមទូរស័ព្ទយ៉ាងដូច្នេះថា «រឿងនេះ ខ្ញុំបានឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងឲ្យខាងជំនាញនៃបុគ្គលិកផ្នែកធនធានមនុស្ស កោះហៅលោកអធិការនគរបាលខណ្ឌដូនពេញ ទៀង ច័ន្ទសារ មកសួរនាំ និងឲ្យបញ្ឈប់សកម្មភាពជាមួយនឹងការណែនាំ ។

លោកស្នងការបន្តថា ប្រសិនបើទង្វើទាំងនេះ ត្រូវបានបន្តកើត ខ្ញុំមិនត្រូវលើកលែង ក្នុងនោះក៏ចាំបាច់ពឹងអាស្រ័យ​ទៅកាន់ខាងសារព័ត៌មាន នគរដ្រេហ្គនផងដែរ ប្រសិនបើមានករណីនេះបន្តទៀត មេត្តាជួយផ្តល់ព័ត៌មាន ដើម្បីឲ្យកម្លាំងជំនាញមាន វិធានការតាមនីតិវិធី ជៀសវាងជះឥទ្ធិពលមិនល្អដល់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម ។ ប្រភពពីនគរបាលរាជធានីភ្នំពេញបានបង្ហើបថា លោក ស្នងការ ស ថេត មិនបានព្រងើយកន្តើយក្នុងរឿងនេះ ទេ ។

ក្នុងនោះការដឹកនាំ មានលក្ខណៈកំណែទម្រង់ស៊ីជម្រៅ ជាមួយនឹងការកសាងអង្គភាពមានលក្ខណៈទ្រង់ ទ្រាយធំ ពិសេសតម្រូវឲ្យសមត្ថកិច្ចនគរបាលទាំង១២ខណ្ឌ អនុវត្តតាមតួនាទីភារកិច្ច ទប់ស្កាត់បទ ល្មើស ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខ័ណ្ឌ ។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អង្គភាពនគរដ្រេហ្គនតាមទូរស័ព្ទ នៅ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ថា « ករណីលេចឮខាងនគរបាលខណ្ឌដូនពេញ ប្រើប្រាស់កម្លាំងស៊ីវិលជំនួស សមត្ថកិច្ចនោះ មិនត្រឹមតែក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខណ្ឌ សូម្បីអធិការនគរបាលខណ្ឌ ក៏ត្រូវធ្វើ របាយការណ៍ក្នុងរឿងនេះជូនថ្នាក់លើ ។ លោកបន្តថា ថ្នាក់លើកំពុងធ្វើកិច្ចការនេះ ដោយយកចិត្តទុកដាក់បំផុត ដើម្បីលុបបំបាត់នូវភាពមិនប្រក្រតីណាមួយ» ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពនគរដ្រេហ្គនតាមទូរស័ព្ទថា «ខ្ញុំ បានដឹងរឿងនេះដែរ ប៉ុន្តែនេះជាភារកិច្ចរបស់សមត្ថកិច្ច ដូច្នេះចាំបាច់ត្រូវសួរទៅលោកឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលគាត់កំពុងធ្វើកិច្ចការងារនេះ» ។

គួររំឭកផងដែរថា បន្ទាប់ពីលោកស្នងការរងមួយរូបចុះមកស៊ើបអង្កេតក្នុងរឿងនេះ មិនដឹងថា លោក ទៀង ច័ន្ទ​សារ អធិការនគរបាលខណ្ឌដូនពេញ ភ្ញាក់ខ្លួន ឬខ្លាចប្រឈមការទទួលខុសត្រូវជាមួយថ្នាក់លើយ៉ាងណា នោះទេ គេឃើញថាកម្លាំងស៊ីវិល១០នាក់ កន្លងមកដែលលោកអធិការប្រើប្រាស់ជំនួសមត្ថកិច្ចមានទាំងការ រៀបចំជាក្រុម ប្រជុំនិងតម្រង់ជួរ មានកាតសម្គាល់ មានវិទ្យុទាក់ទងជាមួយនឹងការបិទស្លាកឡូហ្គោនគរបាលជាតិ ផងនោះ បច្ចុប្បន្នត្រូវបានបញ្ឈប់រាល់សកម្មភាពនេះ ។

ជុំវិញលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញប្រើប្រាស់កម្លាំងស៊ីវិលកន្លងមកនេះ មិនត្រឹមតែជា ទិសដៅ ទាញយកផលប្រយោជន៍ក្នុងមូលដ្ឋាននោះទេ ប្រជាពលរដ្ឋមួយចំនួនរិះគន់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល ទាំងនោះ គាបសង្កត់ ក្នុងប្រយោជន៍ចំពោះមុខរបរប្រជាជន ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានពល រដ្ឋទូរស័ព្ទ និងផ្ញើសារតាមប្រព័ន្ធ What app មកកាន់អង្គភាពនគរដ្រេហ្គន បញ្ជាក់ថាលម្អិតថា «កន្លងមកមិនទាន់ មានគេហទំព័រក្នុងស្រុក ក៏ដូចជាខាងកាសែតនគរ វត្ត ចុះផ្សាយការណ៍ពិតក្នុងរឿងនេះ គាត់ក៏ដូចជាប្រជាពលរដ្ឋ ផ្សេងទៀតបានឃើញកម្លាំងស៊ីវិល ក្រុមដែលតាំងខ្លួនជាសមត្ថកិច្ច ធ្វើសកម្មភាពដាក់ម៉ូតូនៅតាមគោលដៅផ្លូវ ព្រះស៊ីសុវត្ថិ ដើម្បីប្រដេញតាមចាប់គេចាប់ឯងពេញ​ដងផ្លូវ បង្ហាញនូវភាពអនាធិប​តេយ្យដូចក្រុមប្រព្រឹត្តបទល្មើស ។

ប្រជាពលរដ្ឋបន្តថា បើជំនាន់លោកអធិការចាស់ គ្រប់គ្រងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ពួកគាត់ជាប្រជាពល រដ្ឋដែលមានមុខរបររត់ម៉ូតូឌុប មិនសូវជាព្រួយបារម្ភអំពីអសន្តិសុខនោះទេ ។ ផ្ទុយទៅវិញ តំណែងលោកទៀង ច័ន្ទសារ ជាអធិការមកកាន់ថ្មីនេះ គឺមានពួកក្រុមក្មេង បងតូចបងធំប្រសេចប្រសាច និងមិនហានប្រថុយរត់ម៉ូតូ ឌុបនៅពេលយប់បានទេ ។ ដូច្នេះសូមឲ្យអាជ្ញាធរខណ្ឌដូនពេញ ពង្រឹងក្នុងរឿងសន្តិសុខ សណ្តាប់ធ្នាប់ជូនពួក គាត់ក្នុងមូលដ្ឋានផង ។

ប្រភពព័ត៌មានចុងក្រោយនេះបានឲ្យដឹងថា ពាក់ព័ន្ធនឹងជនស៊ីវិលទាំង១០នាក់ ដែលលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ប្រើប្រាស់ជំនួសកម្លាំងសមត្ថកិច្ច មានបំពាក់ទៅដោយវិទ្យុទាក់ទង និងយក រហ័ស្សនាមដាក់ក្នុងការទាក់ទងក្នុងវិទ្យុ ក៏កំពុងប្រឈមទៅនឹងអង្គភាពនៃនាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហា ផ្ទៃបានធ្វើកិច្ចការងារនេះ ប៉ុន្តែលេចឮថា ក្រុមជនស៊ីវិលទាំង១០នាក់នោះ មានអ្នកខ្លះវេចបង្វិចគេចខ្លួនបាត់ ស្រមោលទៅកាន់កន្លែងឆ្ងាយពីក្រសែភ្នែកសមត្ថកិច្ច ហើយករណីដែលលោក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ ធ្វើការបកស្រាយកន្លងទៅ ក្នុងន័យចេតនាវាយប្រហាយមកលើគេហទំព័រ និងកាសែតក្នុងស្រុក ថា ចុះផ្សាយមិនពិត បំភ្លើស គ្មានវិជ្ជាជីវៈ និង ទាញហេតុផលថាគ្មានជនរងគ្រោះដោយសារក្រុមជនស៊ីវិលទាំង នេះ និងមិនបានប្រើប្រាស់ជនស៊ីវិលជំនួសកម្លាំងសមត្ថកិច្ច ហាក់ដូចជាពុំមានប្រសិទ្ធភាព ដោយភាពច្បាស់ លាស់ខ្លួនឯង ក្នុងនាមនគរបាលយុត្តិធម៌ម្នាក់ បកស្រាយជាសាធារណៈជូនថ្នាក់លើ និងសាធារណជន ។

ទីបំផុតបើលោកអធិការចាត់ទុកថា សកម្មភាពនោះជារឿងមិនពិត ជាការផ្សាយបំភ្លើសចុះហេតុអ្វី លោកស្នងការ រងដែលចុះមកស៊ើបអង្កេតស្រាវជ្រាវតាមបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញរកឃើញការណ៍ពិត ពិសេសសូម្បីតែលោកស្នងការ ស ថេត ក៏បាន បញ្ជាក់ប្រាប់អង្គភាពនគរដ្រេហ្គនយ៉ាងច្បាស់ថា «ខ្ញុំឲ្យជំនាញបុគ្គលិកផ្នែកធនធានមនុស្ស ហៅលោកអធិការ ទៀង ច័ន្ទសារ មកណែនាំរួចហើយ និងមិនអាចបន្តឲ្យកើតមានសកម្មភាពខុសច្បាប់ទាំងនេះបានទៀតឡើយ» ៕

...

ដោយ៖ ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print