https://youtu.be/gWfMoqpvlP4
វៀតណាម ៖ ប៉ូលិសរកឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបររថយន្តធុនធំជ្រុលបុកម៉ូតូច្រើនគ្រឿងកំពុងចតចាំភ្លើងស្តុក នៅខេត្តឡុងអាន់ ប្រទេសវៀតណាម កាលពីថ្ងៃពុធទី២ ខែមករា ឆ្នាំ២០១៩ គឺមានមនុស្ស៤នាក់ស្លាប់ និង១៦នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។
ប៉ូលិសថា ការស្លាប់មនុស្ស៤នាក់ និងច្រើននាក់ទៀតរងរបួស គឺដោយសារតែអ្នកបើកបររថយន្តធុនធំមួយគ្រឿង បាត់បង់ការគ្រប់គ្រងស្មារតីបណ្តាលឲ្យការបញ្ជាចង្កូតលែងបាន ក៏ជ្រុលបុកចូលហ្វូងអ្នកជិះម៉ូតូយ៉ាងហោច ណាស់ចំនួន២០គ្រឿងនៅកន្លែងភ្លើងចរាចរណ៍ ស្ថិតនៅផ្លូវបំបែកមួយ ក្នុងស្រុកប៊ិនឡុក មានចម្ងាយ៦០គីឡូ ម៉ែត្រពីភាគនិរតី នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។
តាមរយៈវីដេអូឃ្លីបដ៏រន្ធត់ឃើញថា ម៉ូតូជាច្រើនគ្រឿងត្រូវបានរថយន្តកិនអូសទៅជាង១៥០ម៉ែត្រ មុនពេលរថយន្តដឹកទំនិញនេះឈប់ ធ្វើឲ្យម៉ូតូជាច្រើនគ្រឿងបានខូចយ៉ាងខ្លាំង និងមនុស្ស៤នាក់បានស្លាប់និង១៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។
ការស៊ើបអង្កេតពីដំបូងបានបង្ហាញថា អ្នកបើករថយន្តនេះបានព្យាយាមបន្ថែមល្បឿនដើម្បីឱ្យឆ្លងផុតភ្លើងចរាចរណ៍នេះ នៅមុនពេលវាបានលោតភ្លើងពណ៌ក្រហម ។ ទោះយ៉ាងណាប៉ូលិសបានកំពុងបន្តធ្វើការស៊ើប អង្កេតរកអ្នកបើករថយន្តបង្កហេតុនេះ ខណៈរត់គេចខ្លួនមិនទទួលខុសត្រូវចេញពីកន្លែងកើតហេតុនេះ ៕ ជាយក្រុង