ខេត្តបាត់ដំបង ៖ ប្រជាការពារម្នាក់បានប្រើប្រាស់កាំភ្លើងធុនអឹម១៦ បាញ់សម្លាប់ខ្លួនឯង ស្លាប់នៅលើអង្រឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូល ថ្ងៃព្រហស្បតិ៍១២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ មករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរោងយាមមួយកន្លែង ក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ដោយគេសង្ស័យថា គាត់មានជម្លោះក្នុងក្រុមគ្រួសារ ។
មន្ត្រីនគរបាលស្រុកបវេល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្រជាការពារប្រចាំភូមិ-ឃុំខាងលើ ។ បុរសនេះបានប្រើប្រាស់កាំភ្លើងម៉ាកM16 បាញ់សម្លាប់ខ្លួនឯង១គ្រាប់ ត្រូវចំត្រង់ក្រោមចង្ការធ្លុះទៅក្បាល បណ្ដាលឲ្យស្លាប់នៅលើអង្រឹង ក្នុងរោងយាម បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុលរតែម្ដង។
បើតាមការសាកសួរជាបឋមរបស់សមត្ថកិច្ចទៅលើអ្នកភូមិបានឲ្យដឹងថា ការធ្វើអត្តឃាតរបស់ជនរងគ្រោះ ទំនងផ្ដើមចេញពីជម្លោះក្នុងក្រុមគ្រួសារកន្លងមកគេតែងឃើញគ្រួសារប្រជាការពារនេះផ្ទុះជម្លោះជាមួយគ្នារវាងប្ដីប្រពន្ធមិនសូវខកខានឡើយ ហើយនៅពេលកើតហេតុ នាយប់នោះគ្រួសារនេះក៏មានជម្លោះនឹងគ្នា តែគេមិនដឹងថា ផ្ដើមចេញពីរឿងអ្វីឡើយ ។ លុះនៅវេលាទៀបភ្លឺ ស្រាប់តែបុរសជាប្ដីបាញ់សម្លាប់ខ្លួនឯងនៅតូបយាមតែម្ដង។
យ៉ាងណាទាក់ទិននឹងការធ្វើអត្តឃាតនេះ សមត្ថកិច្ចកំពុងមានចម្ងល់ថា តើកាំភ្លើងនេះប្រជាការពាររូបនេះបានមកពីណា? ព្រោះបើតាមមន្ត្រីជំនាញ និងប្រធានភូមិបាននិយាយថា កម្លាំងប្រជាការពារភូមិ មិនមានសិទ្ធិប្រើប្រាស់កាំភ្លើងនោះទេ ។ មកដល់ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះនៅឡើយ បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនោះ៕