ខេត្តកណ្ដាល ៖ អ្នកបើកបរ និងអ្នករួមដំណើរពីរនាក់បានរងរបួសធ្ងន់ដូចគ្នា ខណៈមកដល់ផ្លូវកោង សង្ស័យចាំភ្លើងធ្វើឲ្យការបញ្ជាចង្កូតរថយន្តកាម រីឆ្លាមមិនបាន ក៏ជ្រុលទៅបុកចំបញ្ឆិតមុខរថយន្តកុងតឺន័រ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យ ធ្លាក់ទូកុងតឺន័រ និងរថយន្តឆ្លាមខូចខាតស្ទើរតែទាំងស្រុង ។
ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារគគីរ ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។
នគរបាលចរាចរឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-7730 បើកបរដោយឈ្មោះ យ៉ង ម៉ាច អាយុខ្ទង់៣៥ឆ្នាំ ធ្វើការនៅកំពង់ផែ (រងបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ តែមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។ រីឯអ្នកបើកបររថយន្តកុងតឺន័រត្រូវ បានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែស្លាកលេខរថយន្តមិនស្គាល់ទេ (បាត់ស្លាកលេខ) ។
នៅជុំវិញករណីនេះ ត្រូវបានប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម បើកបរក្នុងទិសដៅមកលិចមកកើតក្នុងល្បឿនលឿន ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ (មុខ ផ្សារគគីរ) ជាចំណុចផ្លូវកោង ក៏មានរថយន្តកុងតឺន័របើកបរពីខាងមុខ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពី កើតមកលិច ស្រាប់តែរថយន្តកាមរីឆ្លាមបានបើកទៅបុកចំបញ្ឆិតពីមុខរថយន្តកុងតឺន័រ បណ្តាលឱ្យធ្លាក់ ទូកុងតឺន័រ និងររថយន្តកាមរីខូចខាតស្ទើរតែទាំងស្រុងបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ រងរបួស ២នាក់ទាំងពីរនាក់ ។
សាក្សីថា ដោយមានអន្តរាគមន៍ពីពលរដ្ឋនៅក្បែរៗនោះបានជួយសង្គ្រោះជនរងគ្រោះឲ្យចេញពីរថយន្ត រួចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ សាក្សីបន្តថា ក្រោយកើតហេតុបន្តិច ក៏មានកម្លាំង សមត្ថកិច្ចចុះមកពិនិត្យនិងវាស់វែង ដោយយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះ ស្រាយទៅតាមផ្លូវច្បាប់ ៕ ជាយក្រុង