ចិនគឺជាប្រទេសដែលមានកម្លាំងទាហាន ពេញសិទ្ធ«ក្របខណ្ឌ» សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ២.២៨៥.០០០(ពីរលាន ពីរសែន ប្រាំបីមឺន ប្រាំពាន់នាក់) ។ បើគិតទាំងទាហានបម្រុងនិងទាហានស៊ីឈ្នួលទៀត មានដល់ទៅជាង ៧លាននាក់។
ចំណែកអាមេរិកវិញមានតែជាង១,៧៧ លាននាក់(ជាង១លាន ៧៧មឺននាក់) ប៉ុណ្ណោះ ហើយបើគិតទាំង ទាហានបម្រុង ទាហានស៊ីឈ្នួល មាន ជាង ៣លាន ២សែននាក់ ។ដោយឡែកឥណ្ឌា ឈរលំដាប់ទី៣មានទាហាន ពេញសិទ្ធ សរុប ជាង ១លាន ៣២មឺននាក់ ។ ចំពោះរុស្ស៊ីមានជាង៧៦មឺននាក់ប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៨កន្លងមក ចិនបាននាំមុខ រុស្ស៊ី ក្លាយជា ប្រទេសមហាអំណាចយោធាទីពីរនៅលើពិភពលោក ។ ដោយទី១គឺអាមេរិកដដែល និងទី៣គឺប្រទេសរុស្ស៊ី។ ដោយសារតែមានការប្រឈមមុខ បញ្ហាយោធាកាន់តែខ្លាំងនោះ ចិនបានបង្កើនការធ្វើសមយុទ្ធ ដល់ទៅ ជាង១៨ពាន់លើកនៅក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩ នេះនឹងកើនឡើងបន្ថែមទៀត។
ឆ្នាំ២០១៨ បានបញ្ជប់ទៅជាងមួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិនធ្វើសកម្មភាព ហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ ជាង១៨ពាន់លើក គ្រប់ទិសទីក្នុងប្រទេស។តាមគម្រោងនៅក្នុងឆ្នាំ២០១៩នេះ សកម្មភាពធ្វើសមយុទ្ធ ហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ២០១៨។
សារព័ត៌មាន South china morning post នៅថ្ងៃទី៩ខែមករា ឆ្នាំ២០១៩ បានផ្សាយថា កម្លាំងទាហានប្រជាជនចិន PLA បានឡើងគម្រោងបង្កើនការធ្វើសមយុទ្ធ នៅក្នុងឆ្នាំ២០១៩ ក្នុងពេលដែលមានការប្រឈមមុខ កាន់តែតានតឹង លើកផ្នែកយោធាជាមួយប្រទេសជិតខាង និងអាមេរិក ។
សារព័ត៌មានស៊ីនហួរ បានផ្សាយថា កម្លាំងទាហានចិន មានប្រមាណជាង ២លាននាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធ ផ្សេងៗគ្នាដល់ទៅ១៨ពាន់លើក ក្នុងឆ្នាំ ២០១៨ ។ សារព័ត៌មានខាងលើមិនបានធ្វើការប្រៀបធៀប ពីចំនួនធ្វើសមយុទ្ធនៅក្នុងឆ្នាំ ២០១៧ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាតិចិន បានផ្សាយថានៅក្នុងឆ្នាំ២០១៦មានសមយុទ្ធទ្រងទ្រាយធំ ១០០លើក ។
សារព័ត៌មាន PLA Daily កាលពីថ្ងៃទី៨ ខែមករា បានផ្សាយថា កម្លាំងទាហានទាំងអស់នៅគ្រប់កង ពល តូចធំទូទាំងប្រទេស បានចាប់ផ្តើម ឡើងគម្រោងធ្វើសមយុទ្ធ ក្រោយពេលប្រធានាធាធិបតី ស៊ី ជីងពីង បានប្រកាសអំពាវនាវដល់កម្លាំងទាហាន ហ្វឹកហាត់ ត្រៀមលក្ខណធ្វើសង្គ្រាមជានិច្ច ។ តំបន់ដែលអាចបង្ករឲ្យមានសង្គ្រាមនោះគឺបញ្ហាកោះតៃវ៉ាន កូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងខាងកើត ៕