សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់ចាស់ជរាឥតទីពឹងអ្នកផ្ទុកមេរោគអេដស៍ជនពិការនិងកុមារកំព្រា២៥២០គ្រួសារ។

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ ចាស់ជរាគ្មានទីពឹង អ្នកផ្ទុក និងរស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា និងជនទីទ័លក្រ ២៥២០គ្រួសារ មកពីសង្កាត់ទាំង១៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្តែងនូវសេចក្តីនឹករលឹក និងសប្បាយរីករាយដោយបានចុះសាកសួរសុខ-ទុក្ខ បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ និងបញ្ជាក់ថា “កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ដែលបំពេញការងារមនុស្សធម៌ដោយមិនលំអៀង មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ហើយថវិកា និងសម្ភារៈទាំងអស់ គឺទទួលបានពីការបរិច្ចាគរបស់សប្បុរសជនជាតិ-អន្តរជាតិ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេស ចាស់ជរាគ្មានទីពឹង គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា និងជនទីទ័លក្រ” ដូចដែលបានរៀបចំជូននៅក្នុងពេលនេះ ក្នុងនោះ មួយគ្រួសារៗ ទទួលបានៈ អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលថែមទៀតជាអំណោយផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានលើកឡើងនូវអនុសាសន៍ និងសំណូមពរមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងយុវជនកាកបាទក្រហម ធ្វើយ៉ាងណាជួយអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់ ត្រូវទៅពិនិត្យសុខភាព និងលេបថ្នាំឱ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា ពិសេសត្រូវផ្សព្វផ្សាយ ណែនាំបន្តដល់កូន-ក្មួយរបស់ខ្លួនជៀសវាងការរីករាលដាលបន្តទៀត និងសូមបងប្អូនកុំរើសអើងអ្នកផ្ទុក និងរស់នៅ មេរោគអេដស៍ ព្រោះ មេរោគអេដស៍ មិនអាចឆ្លងតាមរយៈ ការប្រាស្រ័យទាក់ទងគ្នា ការរស់នៅជាមួយគ្នា ឬការហូបចុកជាមួយគ្នាឡើយ។ លើសពីនេះទៅទៀត អាណាព្យាបាលគ្រប់រូប ត្រូវណែនាំកូន-ក្មួយ ឱ្យឃ្លាតឆ្ងាយពីគ្រឿងញៀន ជៀសវាងអំពើហិង្សា និងចោរកម្មផ្សេងៗ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print