ខេត្តត្បូងឃ្មុំ ៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសកម្មភាពមីន ខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព «នគរដ្រេហ្គន»ថា មានពលរដ្ឋម្នាក់បានស្លាប់ និង៩នាក់ទៀតរងរបួសពីការផ្ទុះគ្រាប់ប្រភេទ១០៥មីល្លីម៉ែត្រ នៅ ពេលយកក្បាលគ្រាប់មកស្លលាយជាមួយសំណរដេីម្បីផលិតជាឧបករណ៍នេសាទ។
លោកថា ប្រជាពលរដ្ឋខ្មែរឥស្លាមបានយក សំបកក្បាលគ្រាប់១០៥មីល្លីម៉ែត្រ យកមកស្លនឹងសំណរដើម្បីចាក់ធ្វើជើងអួនម៉ាញ់ (ឧបករណ៍ នេសាទ) ស្រាប់តែបណ្ដាលឲ្យផ្ទុះផ្លោងចូលក្នុងផ្ទះ ស្លាប់មនុស្សម្នាក់ អាយុ៣៦ឆ្នាំ និង០៩នាក់ ទៀតរងរបួស ក្នុងនោះរបួសធ្ងន់៥នាក់។
លោកប្រាប់ទៀតថា ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុង ភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នជនរងគ្រោះទាំង៩នាក់ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំនួន០៧នាក់ និងមន្ទីរពេទ្យ៧D ចំនួន០២នាក់។
គួរកត់សម្គាល់ថា ក្បាលគ្រាប់១០៥មីល្លីម៉ែត្រដែលផ្ទុះឡើងនេះ គឺជាបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក៕ ដោយ ៖ វណ្ណៈ