ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ទើបចេញពីធនាគារមកពីដកប្រាក់៤ពាន់ដុល្លារត្រូវគេប្រទះឃើញដេកសន្លប់ក្បែរម៉ូតូនៅខាងជើងសាលាវិទ្យាល័យសម្តេចឪស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ហើយស្ត្រីរងការដួលសន្លប់ត្រូវនោះបន្ទាប់មកត្រូវបានគេដឹកបញ្ចូនយកទៅព្យាបាលនៅគ្លីនិកឯកជន ។
ហេតុការណ៍នោះត្រូវគេនាំគ្នានិយាយថាសង្ស័យស្ត្រីដែលគេស្គាល់ឈ្មោះ អ៊ន មុំ ហៅស្រីមុំ អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវថ្នាំសណ្តំគេដាក់យកប្រាក់អស់។នៅចំណុចកើតហេតុគេឃើញ មានឯកសារតារាង ក៣និងព្រឹត្តិបត្រខ្ចីប្រាក់ពីធនាគារអេស៊ីលីដាចំនួន៤ពាន់ដុល្លារដែលទើបតែដកនៅថ្ងៃនោះតែម្ដង។
ដោយក្នុងកាបូបរបស់នាងពុំឃើញលុយនោះទេឃើញតែឯកសារអត្តសញ្ញាណប័ណ្ណអ្នកធានានាងអត្តសញ្ញាណប័ណ្ណរបស់ក្មេងម្នាក់ទៀតនិងទ្រនាប់ជើងនៅរាយប៉ាយ។ស្ត្រី ខាងលើនៅថ្ងៃដដែលនោះក្រោយពីគ្រូពេទ្យព្យួសេរ៉ូមកម្លាំង ហើយបានដឹងខ្លួន ដោយមានអាការៈធូស្បើយ ក៏ចេញត្រឡប់ទៅផ្ទះវិញនោះហើយ។ស្ត្រីនោះនិយាយថាពេលនាងដកលុយចេញពីធនាគារមកដល់ខាងមុខធនាគារក៏ត្រូវគេទះស្មាមួយដៃរួចក៏លែងដឹងខ្លួនតែម្តង។
ជុំវិញនៃហេតុការណ៍នេះនគរបាលមិនទាន់ហ៊ានសន្និដ្ឋានថាជាករណីត្រូវថ្នាំសណ្តំ រឺយ៉ាងណានោះទេ។នៅពេលសមត្ថកិច្ចសួរនាំស្ត្រីឈ្មោះអ៊ន មុំ ហៅស្រីមុំ ស្រាប់តែ គេនិយាយប្រាប់សមត្ថកិច្ចហាក់បីដូចជាមានការលាក់លៀមដោយប្រាប់ថានាងមានការភ្លេចភ្លាំងរកនឹកមិនឃើញ។ នៅសរសៀលថ្ងៃទី៥ ខែធ្នូ សមត្ថកិច្ចនិងបន្តចុះធ្វើការស្រាវជ្រាវបន្ថែមទៀត។ពាក់ព័ន្ធនិងហេតុការណ៍នោះខាងគ្រូពេទ្យក៏មិននហ៊ានអះអាងនោះដែរ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យកន្លងមកធ្លាប់កើតមានរឿងរ៉ាវដាក់ថ្នាំសណ្តំបែបនេះ ២ទៅ៣លើកមកហើយ។ នៅពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវរកឃើញថា អ្នកខ្លះយកប្រាក់មកទិញម៉ូតូ ហើយទៅលេងល្បែងចាញ់អស់ក៏បង្កើតជារឿងមានគេដាក់ថ្នាំសណ្តំ យកប្រាក់អស់ ហើយអ្នកខ្លះទៀតចាញ់បោករឿងគេទម្លាក់មាស នៅពេលដោះគ្រឿងអលង្ការឱ្យគេអស់ជាថ្នូរយកមាសក្លែងក្លាយ បែរជាប្រឌិតរឿងថា ត្រូវថ្នាំសណ្តំនោះផងទៀត៕
ដោយ៖ សំ វិច្ឆិកា