ទីក្រុងវ៉ាសុីនតោន៖ ប្រសិនបើគណបក្សប្រជាធិបតេយ្យ យល់ព្រមឲ្យលោកត្រាំចំណាយប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែននោះ អាមេរិកនឹងមិនត្រូវប្រឈមការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនបែបនេះឡើយ។ បច្ចុប្បន្នអាចនិយាយបានថា ការខាត់បង់សេដ្ឋកិច្ច មានច្រើនជាង ប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែនទៅទៀតដោយការការបិទទ្វាររដ្ឋាភិបាល។
តាមការវាយតម្លៃ ការបិទទ្វាររដ្ឋាភិបាលអាមេរិក ឈានចូលជិតមួយខែហើយដែលជាការបិទទ្វារ យូបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ការបិទទ្វារ ដោយសារតែ សភាមិនគាំទ្រចំណាយប្រាក់ប្រមាណជិត ៦ពាន់លានដុល្លារសម្រាប់សាងសង់ជញ្ជាំងព្រំដែនតាមសំណើររបស់លោកត្រាំ ។
ប៉ុន្តែការបិទទ្វារ មួយផ្នែកធំនៃរដ្ឋាភិបាលអាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចជាតិត្រូវខាតបង់ច្រើនជាង ប្រាក់ចំណាយសាងសង់ជញ្ជាំងទៅទៀត ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យសារព័ត៌មាន CNBC ដឹងថា ប្រធានាធិបតីដូណាលត្រាំ បានបង្កើនការខាត់បង់ដោយសារបិទទ្វាររដ្ឋាភិបាល កើនឡើងទ្វេរដងប្រៀបធៀប ពេលដំបូង ។
ដំបូងឡើយលោកត្រាំគិតតែការខាតបង់ ដោយសារតែប៉ះពាល់ដល់បុគ្គលិកជាង ៨សែននាក់ដែល សម្រាកពីការងាដោយគ្មានប្រាក់ខែ ។ក្រោយមកក៏បានវាយតម្លៃពីការខាតបង់ដោយសារតែអ្នកវិនិយោគ មិនមករកស៊ីនៅអាមេរិក ការបាត់បង់ការងារធ្វើ រួមផ្សំជាមួយសង្គ្រាមពាណិជ្ជកម្មជាទ្រង់ទ្រាយធំ រវាងអាមេរិកនិងប្រទេសជុំវិញពិភពលោកទៀតធ្វើឲ្យការខាតបង់សេដ្ឋកិច្ចកាន់តែច្រើន ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអាមេរិក នៅតែបន្តបិទទ្វារហូតដល់បំណាច់ ខែមករានេះ ការខាតបង់សេដ្ឋកិច្ច លើសពីចំនួនទឹកប្រាក់៥,៧ពាន់លានដុល្លារ ដែលលោកត្រាំស្នើរសាងសង់ជញ្ជាំងព្រំដែនទៅទៀត៕
ដោយ៖ មែវ សាធី