ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ច៣ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែមករា ។
សម្តេចតេជោ មានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
នៅក្នុងឱកាសនោះ សម្តេចតេជោនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។
សម្តេចតេជោ “មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ”៕ចេស្តា