ជំងឺគ្រុនផ្តាសាយជ្រូកកំពុងតែវាយលុកនៅក្នុងប្រទេសឥណ្ឌាបង្កក្តីបារម្ភយ៉ាង ខ្លាំងដល់ពលរដ្ឋ ខណៈដែលមានអ្នកឆ្លងនិងស្លាប់រហូតដល់ជិត២ពាន់នាក់ហើយ។ ជំងឺដ៏កាចសហាវនេះបានកើតឡើងនៅ តំបន់ភាគខាងលិច ប្រទេសឥណ្ឌា ។
អាជ្ញាធរឥណ្ឌាបានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា មនុស្ស យ៉ាងតិច៤០នាក់បានស្លាប់ និងជាង ១ពាន់នាក់ទៀតបានឆ្លងរាលដាល ដោយ សារវីរុសគ្រុនផ្តាសាយជ្រូក (H1N1) គិតតែត្រឹមដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ ស្ថិតនៅរដ្ឋដ៏ល្បីល្បាញភាគខាងលិចរបស់ ឥណ្ឌា ។
នៅឆ្នាំ២០១៨ នៅទូទាំងប្រទេស ឥណ្ឌាមានមនុស្ស១១០០នាក់ស្លាប់ និង១៥.០០០នាក់ទៀត បានឆ្លងជំងឺ ដ៏កាចសាហាវ ដែលវាបានឆ្លងរាលដាល តាមរយៈមនុស្សទៅកាន់មនុស្ស ។ វីរុសនេះកាន់តែឆ្លងរាលដាលខ្លាំងឡើងទៀតនោះ គឺនៅក្នុងរដូវរងា គឺខែធ្នូ និង ខែមករា ស្ថិតនៅភាគខាងលិច និងភាគ ខាងជើងឥណ្ឌា រួមទាំងនៅ Rajasthan និង ញូវដេលីផងដែរ ។
អាជ្ញាធរនៅ Rajasthan បានណែនាំឲ្យ ក្រុមគ្រូពេទ្យ ត្រូវតែសុំការអនុញ្ញាតជាមុន សិន ពេលដែលចាកចេញទៅកាន់ ទីកន្លែងណាមួយ ឬធ្វើយុទ្ធនាការពីផ្ទះ មួយទៅផ្ទះមួយ ដើម្បីពិនិត្យមើលអ្នក ជំងឺនោះ ។
មន្ត្រីសុខាភិបាលបានធ្វើយុទ្ធនាការឃោសនាការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ នៃការឆ្លងរាលដាលពីវីរុសផ្តាសាយជ្រូកនេះ ដើម្បីឲ្យមានការប្រុង ប្រយ័ត្ន ក៏ដូចការធ្វើតេស្តរកវីរុសនេះ ទៅ លើមនុស្សជាង៥១០០ផងដែរ ។
ប្រភពថា មនុស្សបាត់បង់ជីវិតកើនឡើងដល់៤០នាក់ ហើយអ្នកផ្ទុកវីរុសនេះ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មាន១.០៣៦នាក់ ។ ប៉ុន្តែ ទោះបីយ៉ាងណា បម្រាមនៃការធ្វើដំណើរមិនត្រូវបានប្រកាសនោះទេ ៕ ម៉េវ សាធី