មហាអំណាចសេដ្ឋកិច្ចចិន ក៏ទទួលរងនៅឥទ្ធិពលយ៉ាងខ្លាំង ពីសង្គ្រាមពាណិជ្ជកម្ម ដែលបង្ករឡើងដោយអាមេរិក បានធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះ ដល់តែ ៦,៦ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៨។ ក្នុងរយៈពេល២៨ឆ្នាំកន្លងមក កំណើនសេដ្ឋកិច្ច មិនដែលធ្លាក់នៅក្រោម៧ភាគរយនោះឡើយ ។
នៅពេលនេះដែរចិនបានខិតខំបង្កើនទំនាក់ទំនង ជាមួយប្រទេសដៃគូនៅជុំវិញពិភពលោក ពិសេសគឺតំបន់អឺរ៉ុប ក្នុងការរក្សា ស្ថេរភាពសេដ្ឋកិច្ច ឲ្យកាន់តែរីកចំរើន បើទោះបី អាមេរិកតម្លើងពន្ធខ្ពស់ក្តី។
តាមទិន្នន័យផ្លូវការ ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែមករា បញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើនយឺតបំផុត ហើយមិនធ្លាប់មាននោះទេ ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ និងស្របពេលដែលចិនកំពុងតែមានបញ្ហាបំណុល រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកយ៉ាងវក់វី ។
ចិនជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរក្នុងពិភពលោក បានចេញផ្សាយអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនតែត្រឹម ៦.៦ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន និងកំណើន៦.៤ភាគរយ ចាប់ពីខែតុលាដែលខែធ្នូ ស្របតាមការព្យាករណ៍របស់អ្នកជំនាញនៃការិយាល័យស្ថិតិជាតិ ។
កំណើននេះវាបានធ្លាក់ពី៦.៨ភាគរយ ប្រៀបធៀបកាលពីឆ្នាំ២០១៧ ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០១៨វិញ មានប្រហែល៦.៥ភាគរយប៉ុណ្ណោះ ។
អត្រាកំណើនសេដ្ឋកិច្ចពីខែកញ្ញា ដល់ខែធ្នូ នោះ គឺជាការកើនឡើងទាបបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចចូលខ្លួនមកយារយីនៅប្រទេសចិន ហើយក៏ជាការបន្ថែមនូវទម្ងន់ទៀត ដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងដាំក្បាលចុះស្រាប់ផងនោះ ។
ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ផលិតផលក្នុងស្រុក(GDP)បានកើនឡើង១.៥ភាគរយនៅក្នុងខែតុលា ដល់ខែធ្នូ ប្រៀបធៀបអំឡុងពេលមុននេះ៣ខែមានកំណើន១.៦ភាគរយ ។
ពួកអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចចិន រំពឹងថា នឹងមានបង្កើនការគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងខ្លាំង ។ ប៉ុន្តែពួកអ្នកវិភាគវិញនិយាយថា សេដ្ឋកិច្ចរបស់ចិនប្រហែលជាមិនមានស្ថិរភាពនោះឡើយ រហូតដល់រដូវក្តៅ ។ ពេលនេះ វាកាន់តែបន្ថែមសម្ពាធដល់ទីក្រុងប៉េកាំង ឲ្យចាំបាច់ត្រូវ តែឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ។
ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន បានកើនឡើង៥.៩ភាគរយ នៅឆ្នាំ២០១៨ មិនដូចការរំពឹងទុក ថាមានកំណើន៦ភាគរយនោះទេ ។ កំណើនប្រចាំឆ្នាំយឺតបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៦រៀងរហូតមក ។
ការវិនិយោគអចលនទ្រព្យផ្នែកឯកជន មានចំនួនប្រហែល៦០ភាគរយ នៃការវិនិយោគទុនសរុប នៅក្នុងប្រទេសចិនបានកើនឡើង៨,៧ ភាគរយ នៅក្នុងឆ្នាំ២០១៨ ។ ការនាំចេញផ្នែកឧស្សាហកម្មបានកើនឡើង៥,៧ ភាគរយ នៅក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន។
ដើម្បីពង្រឹង សេដ្ឋកិច្ចឲ្យមានកំណើនឡើងវិញនៅឆ្នាំ២០១៩នេះរដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ ជាមួយអាល្លឺម៉ងដែលជាប្រទេសសំខាន់នៅអឺរ៉ូប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នានៅក្នុងវិស័យហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង ៣ បានធ្វើឡើងនៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Olaf Scholz ក្នុងប្រទេសចិននាពេលកន្លងមក។ ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិរួមគ្នា ទីក្រុងប៉េកាំង និងទីក្រុងប៊ែរឡាំងក៏ប្រកាសពីបំណងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងនយោបាយការពារនិយមផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម ចិន និងអាល្លឺម៉ង់បានបញ្ជាក់ជាថ្មីពីការពង្រឹងនយោបាយសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យថវិកានិងវិស័យហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ី និងប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្តរវាងគ្នាដែរ។ មានរូបភាពពីរដែលស្តែងចេញពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់ពេលនេះ ទី១ គឺចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកកំពុងមានភាពមិនប្រាកដប្រជាដោយសារទំនាស់ក្នុងរឿងពន្ធគយ និងរូបភាពទី២ ចិន និងអាល្លឺម៉ង់ចង់ឲ្យតម្លៃ និងផ្តល់សារៈសំខាន់លើទំនាក់ទំនងជាលក្ខណៈពហុភាគី។
គួររម្លឹកថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងបន្តតតាំងគ្នាក្នុងរឿងដំឡើងពន្ធលើទំនិញនាំចូលទៅវិញ ទៅមក។ បន្ទាប់ពីបានជួបសមភាគីចិន លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz បានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិរវាងចិន និងអាល្លឺម៉ង់។ អ្វីដែលលោក Olaf Scholz ចង់បានបន្ថែមពីចិន គឺការបើកទីផ្សារបន្ថែមសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យធនាគារ។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់មិនភ្លេចលើកឡើងពីភាពចាំបាច់ដែលការទទួលបានទីផ្សារនោះត្រូវធ្វើឡើងដោយស្មើភាព និងទទួលបានប្រយោជន៍ទៅវិញ ទៅមក។
ដោយឡែក ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បានសម្គាល់ឃើញថា ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងកំណើនភាពមិនប្រាកដប្រជានៃទីផ្សារកំពុងបង្កើនភាពហានិភ័យ។ ក្រៅពីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា ចិន និងអាល្លឺម៉ង់ក៏បានចាប់ដៃគ្នាដើម្បីប្រឆាំងនឹងនយោបាយការពារនិយមដែរ។ ទោះបីជាភាគីទាំងពីរមិនបានចង្អុលចំប្រទេសណាមួយក៏ដោយក៏គេដឹងថា គ្មានប្រទេសណាក្រៅពីអាមេរិកដែលលោកដូណាល់ ត្រាំបានគិតប្រយោជន៍អាមេរិកជាធំទេ ៕