សង្គ្រាមពាណិជ្ជកម្ម បានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចចិន

ចែករំលែក៖

មហាអំណាចសេដ្ឋកិច្ចចិន ក៏ទទួលរងនៅឥទ្ធិពល​យ៉ាងខ្លាំង​ ពីសង្គ្រាមពាណិជ្ជកម្ម ដែលបង្ករឡើងដោយអាមេរិក បានធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះ ដល់តែ ៦,៦ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ​២០១៨។ ក្នុងរយៈពេល​២៨ឆ្នាំកន្លងមក កំណើនសេដ្ឋកិច្ច មិនដែលធ្លាក់នៅក្រោម​៧ភាគរយនោះឡើយ ។

នៅពេលនេះដែរចិន​បានខិតខំ​បង្កើនទំនាក់ទំនង ជាមួយប្រទេសដៃគូនៅជុំវិញពិភពលោក ពិសេសគឺតំបន់អឺរ៉ុប ក្នុងការរក្សា ស្ថេរភាពសេដ្ឋកិច្ច ឲ្យកាន់តែរីកចំរើន បើទោះបី​ អាមេរិកតម្លើងពន្ធខ្ពស់ក្តី។

តាមទិន្នន័យផ្លូវការ ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែមករា បញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើន​យឺតបំផុត ហើយមិនធ្លាប់មាននោះទេ ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ និងស្របពេលដែលចិនកំពុងតែមានបញ្ហាបំណុល រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកយ៉ាងវក់វី ។

ចិនជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរក្នុងពិភពលោក បានចេញផ្សាយអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនតែត្រឹម ៦.៦ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន និងកំណើន៦.៤ភាគរយ ចាប់ពីខែតុលាដែលខែធ្នូ ស្របតាមការព្យាករណ៍របស់អ្នកជំនាញនៃការិយាល័យស្ថិតិជាតិ ។ 

កំណើននេះវាបានធ្លាក់ពី៦.៨ភាគរយ ប្រៀបធៀបកាលពីឆ្នាំ២០១៧ ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០១៨វិញ មានប្រហែល៦.៥ភាគរយប៉ុណ្ណោះ ។ 

អត្រាកំណើនសេដ្ឋកិច្ចពីខែកញ្ញា ដល់ខែធ្នូ នោះ គឺជាការកើនឡើងទាបបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចចូលខ្លួនមកយារយីនៅប្រទេសចិន ហើយក៏ជាការបន្ថែមនូវទម្ងន់ទៀត ដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងដាំក្បាលចុះស្រាប់ផងនោះ ។ 

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ផលិតផលក្នុងស្រុក(GDP)បានកើនឡើង១.៥ភាគរយនៅក្នុងខែតុលា ដល់ខែធ្នូ ប្រៀបធៀបអំឡុងពេលមុននេះ៣ខែមានកំណើន១.៦ភាគរយ ។  

ពួកអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចចិន រំពឹងថា នឹងមានបង្កើនការគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងខ្លាំង ។ ប៉ុន្តែពួកអ្នកវិភាគវិញនិយាយថា សេដ្ឋកិច្ចរបស់ចិនប្រហែលជាមិនមានស្ថិរភាពនោះឡើយ រហូតដល់រដូវក្តៅ ។ ពេលនេះ វាកាន់តែបន្ថែមសម្ពាធដល់ទីក្រុងប៉េកាំង ឲ្យចាំបាច់ត្រូវ តែឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ។

ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន បានកើនឡើង៥.៩ភាគរយ នៅឆ្នាំ២០១៨ មិនដូចការរំពឹងទុក ថាមានកំណើន៦ភាគរយនោះទេ ។ កំណើនប្រចាំឆ្នាំយឺតបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៦រៀងរហូតមក ។

ការវិនិយោគអចលនទ្រព្យផ្នែកឯកជន មានចំនួនប្រហែល៦០ភាគរយ នៃការវិនិយោគទុនសរុប នៅក្នុងប្រទេស​ចិនបានកើនឡើង៨,៧ ភាគរយ នៅក្នុងឆ្នាំ២០១៨ ។ ការនាំចេញផ្នែកឧស្សាហកម្មបានកើនឡើង៥,៧ ភាគរយ នៅក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន។

ដើម្បីពង្រឹង សេដ្ឋកិច្ចឲ្យមានកំណើនឡើងវិញនៅឆ្នាំ​២០១៩នេះ​រដ្ឋាភិបាល​ចិន​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៣ ជាមួយអាល្លឺម៉ងដែលជាប្រទេសសំខាន់នៅអឺរ៉ូប ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិ​រវាង​គ្នា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង ៣ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Olaf Scholz ក្នុង​ប្រទេស​ចិននាពេលកន្លងមក។ ក្រៅ​ពី​ពង្រឹង​កិច្ចសហប្រតិបត្តិ​រួម​គ្នា ទីក្រុង​ប៉េកាំង និង​ទីក្រុង​ប៊ែរឡាំង​ក៏​ប្រកាស​ពី​បំណង​រួម​ដៃ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​នយោបាយ​ការពារនិយម​ផងដែរ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម ចិន និង​អាល្លឺម៉ង់​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ពង្រឹង​នយោបាយ​សម្របសម្រួល​ម៉ាក្រូសេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​នៅ​ក្នុង​វិស័យ​ថវិកា​និង​វិស័យ​ហិរញ្ញវត្ថុ។ ទន្ទឹម​គ្នា​នេះ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប​ក៏​បាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិ​យុទ្ធសាស្រ្ត​រវាង​គ្នា​ដែរ។ មាន​រូបភាព​ពីរ​ដែល​ស្តែង​ចេញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាល្លឺម៉ង់​ពេល​នេះ ទី១ គឺ​ចំ​ពេល​ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ដោយសារ​ទំនាស់​ក្នុង​រឿង​ពន្ធគយ និង​រូបភាព​ទី២ ចិន និង​អាល្លឺម៉ង់​ចង់​ឲ្យ​តម្លៃ និង​ផ្តល់​សារៈសំខាន់​លើ​ទំនាក់ទំនង​ជា​លក្ខណៈ​ពហុភាគី។

គួរ​រម្លឹក​ថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កំពុង​បន្ត​តតាំង​គ្នា​ក្នុង​រឿង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​វិញ ទៅ​មក។ បន្ទាប់​ពី​បាន​ជួប​សមភាគី​ចិន លោក​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាល្លឺម៉ង់ Olaf Scholz បាន​ថ្លែង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ភាព​រីកចម្រើន​នៅ​ក្នុង​កិច្ចសហប្រតិបត្តិ​រវាង​ចិន និង​អាល្លឺម៉ង់។ អ្វី​ដែល​លោក Olaf Scholz ចង់​បាន​បន្ថែម​ពី​ចិន គឺ​ការ​បើក​ទីផ្សារ​បន្ថែម​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង និង​វិស័យ​ធនាគារ។ នៅ​ត្រង់​ចំណុច​នេះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​មិន​ភ្លេច​លើក​ឡើង​ពី​ភាព​ចាំ​បាច់​ដែល​ការ​ទទួល​បាន​ទីផ្សារ​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើភាព និង​ទទួល​បាន​ប្រយោជន៍​ទៅ​វិញ ទៅ​មក។

ដោយឡែក ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He បាន​សម្គាល់​ឃើញ​ថា ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​កំណើន​ភាព​មិនប្រាកដប្រជា​នៃ​ទីផ្សារ​កំពុង​បង្កើន​ភាព​ហានិភ័យ។ ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា ចិន និង​អាល្លឺម៉ង់​ក៏​បាន​ចាប់​ដៃ​គ្នា​ដើម្បី​ប្រឆាំង​នឹង​នយោបាយការពារនិយម​ដែរ។ ទោះ​បី​ជា​ភាគី​ទាំង​ពីរ​មិន​បាន​ចង្អុល​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា គ្មាន​ប្រទេស​ណា​ក្រៅ​ពី​អាមេរិក​ដែល​លោក​ដូណាល់ ត្រាំ​បាន​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ​ទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print