រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា៖ គោលនយោបាយរបស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា គឺជាការបំផ្លិចបំផ្លាញប្រទេសនេះ។
លោក Lavrov បានចាត់ទុកការអំពាវនាវឲ្យធ្វើរដ្ឋប្រហារនៅប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនអាចទទួលយកបានឡើយ ខុសទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិ។
មន្ត្រីការបទេសរុស្ស៊ីបានលើកឡើងទៀតថា៖ រុស្ស៊ីនិងលើកពីបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានេះរុស្ស៊ីក៏បានប្រកាស់កៀកស្មាជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា ក្រោយពេលមេដឹកនាំគណបក្សប្រឆាំង បានតាំងខ្លួនជាប្រធានាធិបតី ដោយទទួលស្គាល់ពីអាមេរិកនោះ ។
សកម្មភាពខាងលើត្រូវបានអ្នកវិភាគលើកឡើងថា ស៊ីរីទីពីរ កំពុងតែលេចចេញជារូបរាងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយក៏ជាហេតុផលដែលអាមេរិកត្រូវដកទាហានចេញពីស៊ីរី នោះ ។
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាកាន់តែតានតឹងខ្លាំងឡើង ក្រោយពេល អាមេរិក បានព្យាយាមកាត់ផ្តាច់ប្រភពចំណូលរបស់រដ្ឋាភិបាល ប្រធានាធិបតីម៉ាឌូរ៉ូ ដើម្បីយកទៅឲ្យបក្សប្រឆាំងដែលអាមេរិកទទួលស្គាល់ថាជា ប្រធានាធិបតីស្របច្បាប់នោះ ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានគោលបំណង បង្ហូតលុយចេញពីរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក យកទៅឲ្យក្រុមប្រឆាំងស្និទជាមួយ រដ្ឋាភិបាលអាមេរិក។ ចំណាត់ការបែបនេះនឹងពង្រឹងដល់កណ្តាប់ដៃរបស់លោក Juan Guaido ដែលបានស្បថធ្វើជាប្រមុខរដ្ឋបណ្តោះអាសន្នកាលពីថ្ងៃពុធកន្លងមក ជាមួយនឹងការគាំទ្រពីវ៉ាស៊ីនតោននិងបណ្ដាប្រទេសនៅជុំវិញតំបន់។
ប្រឹក្សាសន្តិសុខជាតិអាមេរិក លោកចន បូលតុន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា “អ្វីដែលយើងកំពុងផ្តោតលើថ្ងៃនេះគឺការផ្ដាច់របបម៉ាឌូរ៉ូខុសច្បាប់ពីប្រភពចំណូលរបស់គាត់។ យើងគិតស្របជាមួយនឹងការទទួលស្គាល់របស់យើងចំពោះលោកហ្វ័ន ក្វាយដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់រដ្ឋវ៉េណេស៊ុយអេឡាថា ប្រាក់ចំណូលទាំងនោះគួរតែបានទៅរដ្ឋាភិបាលស្របច្បាប់”។លោកបូលតុនបានបន្ថែមថា ដំណើរការនេះ “មានភាពស្មុគស្មាញខ្លាំង” ហើយថាក្រុមមន្ត្រីកំពុងតែសិក្សាអំពីរបៀបដែលវានឹងដំណើរការ។
នៅពេលនេះប្រធានា ធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃសុក្រទី២៥ ខែ មករា ថា៖ លោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោកទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកោះប្រជុំដោយសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីវិបត្តិនយោបាយរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
នៅឯកិច្ចប្រជុំនៅក្រុងញូវយ៉កនៅថ្ងៃសៅរ៍ទី២៦មករានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកម៉ៃ ផមផេវនឹងជំរុញសមាជិកទាំងអស់ឱ្យទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងលោកហ្វ័ន ក្វាយដូជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះនិងបដិសេធសិទ្ធិអំណាចរបស់លោកម៉ាឌូរ៉ូ។
លោកម៉ាឌូរ៉ូបាននិយាយចំអកឡកឡឺយថា “យើងស្វាគមន៍ការពិភាក្សាគ្នា! វាជាអ្វីដែលយើងចង់បាន។ ម៉ៃ ផមផេវ យកឈ្នះខ្ញុំឱ្យបានទៅ។ សូមអរគុណលោកម៉ៃ” ដោយបន្ថែមថាលោក ចច អារីហ្សា (Jorge Arreaza) មាន” ទិដ្ឋាការ” របស់គាត់ដើម្បីទៅទីក្រុងញូវយ៉ក។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងការ៉ាកាសថា លោកអារីហ្សានឹងយក “ការពិតរបស់វេណេស៊ុយអេឡា” ទៅកាន់អង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំនេះកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកក្វាយដូបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ដោយទទួលបានការគាំទ្រភ្លាមៗពីលោកប្រធានាធិបតីដូណាល់ ត្រាំ។
ការណ៍នេះបានបង្កឱ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ខណៈបណ្តាប្រទេសជាច្រើនបានចូលរួមជាមួយសហរដ្ឋអាមេរិកដើម្បីទទួលស្គាល់លោកក្វាយដូនិងទាត់ចោលលោកម៉ាឌូរ៉ូថាជាមេដឹកនាំ “មិនស្របច្បាប់”។
មេដឹកនាំបក្សប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) ដែលទើបប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដែលមានអាមេរិកគាំទ្រនោះបានអះអាងថា លោកនឹងលើកលែងទោសឱ្យក្រុមមន្ត្រីរដ្ឋាភិបាល និងមន្រ្តីយោធាជាន់ខ្ពស់ រួមទាំងប្រធានាធិបតីបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរបើសិនជាអ្នកទាំងអស់នេះ ព្រមមកចូលរួមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
យោងតាមលោក Guaido គំនិតផ្ដួចផ្ដើមលើកលែងទោសនេះ នឹងជួយសម្រួលដល់ការស្ដារលិទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយ កំពុងត្រូវបានពិចារណាដោយសភាជាតិវេណេស៊ុយអេឡា។ លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា «ការវិវត្តន៍មួយចំនួននឹង កើតមានឡើងក្នុងរដ្ឋាភិបាលអន្តរកាល… ហើយសេចក្ដីព្រាងច្បាប់លើកលែងទោស កំពុងស្ថិតនៅក្រោមការពិចារណា»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសភាជាតិគ្រប់គ្រងដោយ គណបក្សប្រឆាំងវេណេស៊ុយអេឡា បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកថា លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីខុសច្បាប់ ខណៈលោក Guaido ប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្ដីទីតែម្តង។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិក អាហ្សង់ទីន ឈីលី ប្រេស៊ីល កាណាដា កូឡុំប៊ី និងបណ្ដាប្រទេសមួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តអាមេរិក បានចេញមុខទទួលស្គាល់មេបក្សប្រឆាំងរូបនេះស្របពេលរុស្ស៊ី ម៉ិចស៊ីកូ ស៊ីរី ចិន និងគុយបា គំាទ្រលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទើបស្បថឡើងកាន់តំណែង៕
ដោយ៖ មែវ សាធី