ភ្នំពេញ៖ របាំងថ្មពុំក្បាលនាគ២កង់បានខូចខាតយ៉ាងដំណំ ដោយសារបុរសម្នាក់ចេញពីហូបការគេនៅកោះពេជ្រ ស្រវឹងជ្រុលបានបើករថយន្ដបុក កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅចំណុចក្បែរអនុវិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បុរសអ្នកបើកបរថយន្ដខាងលើឈ្មោះ ប៉ុល ទិត្យ អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខBE2 ផ្លូវ២៣៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានបើកបររថយន្ដម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញE-៧៦២២។
តាមប្រភពបុរសអ្នកបើកបរឈ្មោះប៉ុល ទិត្យរូបនោះឱ្យដឹងថា ករណីគ្រោះថា្នក់ចរាចរណ៍នេះ គឺកើតឡើងខណៈពេលដែលគតាត់ ដឹកមិត្តស្រីត្រឡប់ចេញមកពីហូបការនៅកោះពេជ្រវិញ ក្នុងស្ថានភាពស្រវឹងស្រឿងៗ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីជើងទៅត្បូង គោលបំណងជូនមិត្តស្រីទៅចូលរួមពិធីខួបកំណើតមិត្តភកិ្តមួយកន្លែងទៀត។ លុះដល់ចំណុចកើតហេតុខាងលើ ចៃដន្យក៏រេចង្កូតទៅបុកនិងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន២កង់តែម្តងទៅ ដែលរថយន្តជ្រុលឡើងគងនៅលើរបាំងថ្មពុះចែកផ្លូវឈប់ទៅមុខលែងរួច។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
ដោយ៖ វិបុល