ខេត្តក្រចេះ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និង៣២នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក និងម្នាក់ទៀតដែលមានអាការធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយសារតែពួកគេទទួលទានសាច់ឆ្កែ ដែលពុលថ្នាំ ។ ករណីទទួលសាច់ឆ្កែពុលថ្នាំនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ហើយប្រជាពលរដ្ឋដែលទទួលទានសាច់ឆ្កែនោះចាប់ផ្តើមស្លាប់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិស្នួលកើត ឃុំស្នួល ខេត្តក្រចេះ មានសត្វឆ្កែមួយក្បាលបានងាប់ ហើយអ្នកភូមិម្នាក់ ដោយស្តាយ ក៏បានយកឆ្កែនោះទៅកោសឆ្អើធ្វើម្ហូប ។ ពួកគេបានចែករំលែកសាច់ឆ្កែទទួលទាននៅក្នុងភូមិ ។ ប្រភពបានឲ្យដឹងថា មានសត្វឆ្កែមួយក្បាលមានជនមិនស្គាល់មុខបំពុលស្លាប់ ហើយត្រូវបានស្ត្រីវ័យចំណាស់ឈ្មោះ ប៊ិន ឡាយគេង អាយុ៦៧ឆ្នាំ យកសាច់ឆ្កែនោះមកធ្វើម្ហូប ។ សាច់ឆ្កែនោះ ត្រូវបានចែករំលែកឲ្យភូមិជិតខាង និងសាច់ដែលស្លររួចនោះទៀត ។
ប្រភពបានឲ្យដឹងថា ប្រជាជនក្នុងភូមិបានទទួលទានសាច់ឆ្កែនោះភាគច្រើន ដោយមិនចាប់អារម្មណ៍អ្វីទេ ។ នៅពេលនោះ គេបានបោះឆ្អឹងឆ្កែទៅលើដី ហើយក៏មានឆ្កែជំទង់មួយក្បាលមកអង្គៀមឆ្អឹងនោះ ហើយក៏ងាប់ទៀត ។ អ្នកភូមិមិនបានចាប់អារម្មណ៍ ក៏បានយកឆ្កែដែលងាប់ទី២នេះធ្វើម្ហូបបន្តទៀត ។ នៅពេលនោះ ក៏មានអាការពុលមនុស្សក្នុងភូមិជាច្រើននាក់ ។ ក្រឡេកទៅមើលសាច់ឆ្កែដែលប្រឡាក់ទុកអាំង បែរជាមានទឹកពណ៌ខៀវ ទើបមានការភ្ញាក់ផ្អើលឆ្កែដែលងាប់បន្តគ្នាទាំង២ក្បាលនោះគឺពុលថ្នាំ ។ មានន័យថា ឆ្កែទី១ដែលងាប់ គឺពុលថ្នាំពុលដោយផ្ទាល់ ។ រីឯឆ្កែទី២ដែលងាប់ ដោយសារតែអង្គៀមឆ្អឹងឆ្កែទី១ ។
នៅពេលភ្ញាក់ផ្អើលករណីពុលនេះ ទើបធ្វើឲ្យអ្នកភូមិចាប់អារម្មណ៍ហើយក៏មានអាការក្អួតចង្អោរ និងបាននាំគ្នាចូលមន្ទីរពេទ្យបង្អែកស្រុកជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ។
បើតាមរបាយការណ៍អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលទានសាច់ឆ្កែស្លាប់ជាបន្តបន្ទាប់ មាន៣នាក់ ស្រី២នាក់ ដែលមាន១ ឈ្មោះ ជា រ៉េត ភេទប្រុស អាយុ៧៦ឆ្នាំ ទី២ ប្រឹង សារ៉ន ភេទស្រី អាយុ៣៥ឆ្នាំ និងទី៣ ឈ្មោះ ប៊ិន ឡាយគេង អាយុ៦៧ឆ្នាំ ។ ទាំងបីនាក់រស់នៅភូមិស្នួលកើត ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ ។ ក្នុងចំណោមប្រជាពលរដ្ឋដែលពុល៣៣នាក់ មាន២៧នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែក និងម្នាក់មានអាការធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងមួយចំនួនបានចាកចេញពីមន្ទីរពេទ្យហើយ ៕
ដោយ៖ កោះទ្រុង