ប្រទេសរុស្សុី៖ ការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធមីស៊ីលបរមាណូរយៈចម្ងាយមធ្យម របស់អាមេរិកបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសក្នុងតំបន់ ពីការប្រកួតប្រជែងអាវុធសាជាថ្មីកើតឡើង អាចបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូលគ្រប់ពេល ។
ក្រោយអាមេរិកប្រកាសដកខ្លួនរុស្ស៊ីបានប្រកាស ផលិតមីស៊ីល ពីរប្រភេទទប់ទល់អាមេរិកដែលបានដកខ្លួនចេញពីINF ។ នៅពេលនេះដែរ រុស្ស៊ីក៏បាន សាកល្បងមីស៊ីល ឆ្លងទ្វីប RS-24 អាចបំផ្លាញទីក្រុងទាំងមូលបាន។
កាលពីរសៀលថ្ងៃទី៦ខែមករា កម្លាំងទាហាន រុស្ស៊ីបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ប្រភេទ RS-24 Yark ពីអាកាសយានដ្ឋាន Plesetsk ។ ការបាញ់សាកល្បងខាងលើ ក្រោយពេលអាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធមីស៊ីលបរមាណូរយៈចម្ងាយមធ្យម INF ដែលបានចុះហត្ថលេខា ជាមួយអតីតសហភាពស៊ូវៀត ក្រោយបញ្ចប់សង្គ្រាមត្រជាក់ ។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា « កាំជ្រួចមីស៊ីលបានវាយប្រហារចំគោលដៅ នៅតំបន់ Kura លើកោះ Kamchatka »។ ការសាកល្បងខាងលើធ្វើឡើងក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ត្រាំចាប់ផ្តើម ដំណើរការដកអាមេរិកចេញពី INF នៅថ្ងៃទី២ខែកុម្ភៈ រហូតដល់ខែមិថុនាឆ្នាំ២០១៩នេះ ។
ប្រទេសជាច្រើនជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខតានតឹងជុំវិញបញ្ហា INF រវាងអាមេរិកនិងរុស្ស៊ី អាចជម្រុញឲ្យមានការប្រកួតប្រជែងអាវុធសាជាថ្មី។
ចំណែកកាំជ្រួចមីស៊ីល RS-24 Yark ដែលរុស្ស៊ីទើបសាកល្បងនេះ ជាប្រភេទអភិវឌ្ឍន៍ចេញពីមីស៊ីល Topol-M ដែលបានសាកល្បង នៅឆ្នាំ២០០៧ ។ មីស៊ីលខាងលើ មានសមត្ថភាពវាយប្រហារ ចំគោលដៅខ្ពស់ មានកម្លាំងបំផ្លាញខ្លាំង ។ មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បរមាណូ ៦គ្រាប់ ទៅកម្ទេចគោលដៅឯករាជ្យ ដាច់ដោយឡែកពីគ្នា ។ អាចនិយាយបានថាមីស៊ីលខាងលើ អាចកម្ទេច ទីក្រុងអាមេរិកទាំងមូលបានបំផុត។
នៅពេលនេះដែរ រុស្ស៊ីនឹងផលិតកាំជ្រួចមីស៊ីល ឆ្លងទ្វីបល្បឿនលឿនបំផុត នៅឆ្នាំ២០២១ ដើម្បីជាការឆ្លើយតបទៅនឹងការដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងមីស៊ីលបរមាណូចម្ងាយមធ្យម INF ។
សារព័ត៌មាន RIa Novosti នៅថ្ងៃទី៥ខែកុម្ភៈបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែផលិតមីស៊ីលល្បឿនលឿន ដែលបាញ់ពីទីតាំងនៅលើដី។
កន្លងមក កាលពីថ្ងៃទី២ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសថារុស្ស៊ី បានផ្អាកអនុវត្តសន្ធិសញ្ញា INF ក្រោយពេលអាមេរិកបានសម្រេចដកខ្លួនចេញពីINF។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានប្រកាសថានឹង ផលិតអាវុធទំនើបៗបន្ថែមទៀតដើម្បីជាការឆ្លើយតបទៅនិងសកម្មភាពរបស់អាមេរិក។
ក្រោយពេល ឱសានវាទ ៦០ថ្ងៃដែលអាមេរិក កំណត់ឲ្យរុស្ស៊ីត្រូវតែអនុវត្តទៅតាមសន្ធិសញ្ញា INF ផុតកំណត់ នៅថ្ងៃទី១ខែកុម្ភៈកន្លងមក ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសថា៖ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើម ដំណើរការដកខ្លួនចេញពី INF ក្នុងរយៈ៦ខែខាងមុខ ។ ជាមួយគ្នានេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្កូបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីគោរពសន្ធិសញ្ញាខាងលើ ដំណើរការដកអាមេរិកចេញពី INF និងត្រូវផ្អាក៕
ដោយ៖ មែវ សាធី