កូនរមឹសគុណ ដោយសារងប់ងល់គ្រឿងញៀន ហ៊ានប្រព្រឹត្តមិនរាងចាលគម្រាមសម្លាប់ ឪពុកម្តាយ ត្រូវកម្លាំងអាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៤០នាទី នៅចំណុចភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី គម្រាមសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះឈ្មោះ ជុំ សុគន្ធា ភេទ ស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ អ៊ីវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ៖ ជនសង្ស័យខាងលើ ជាជនប្រើប្រាស់គ្រឿងញៀន និងផឹកសារជាប្រចាំ ត្រូវបានឪពុកម្តាយយកទៅដាក់នៅមណ្ឌលកែប្រែម្តងរួចមកហើយ ក្រោយចេញពីមណ្ឌលកែប្រែជននេះមិនរៀងចាលទេ ថែមទាំងខឹងជាមួយឪពុកម្តាយ និងអ្នកជិតខាង ហើយបានស្រែកជេរដៀមដាម និងគម្រាមថានឹងសម្លាប់ បើអ្នកណាហ៊ានប្តឹងសមត្ថកិច្ចឲ្យចាប់រូបគេ ធ្វើឲ្យក្រុមគ្រួសាររបស់គាត់ខ្លាចរអារមិនហ៊ាននៅផ្ទះ ពេលនៅផ្ទះមិនហ៊ានដេក ព្រោះខ្លាចជនសង្ស័យចូលមកធ្វើសកម្មភាព ដូចការគម្រាមរបស់គេ ។ តាមការបំភ្លឺរបស់ ឪពុកម្តាយជនសង្ស័យ បានបន្ថែមថា ៖ កូនរបស់គាត់ជនក្មេងញៀនថ្នាំ បានវាយមកលើរូបគាត់រហូតដល់សន្លប់ និងវាយម្តាយរបស់គេ បណ្តាលឲ្យរងរបួស គាត់សម្រេចចិត្តយកទៅដាក់នៅមណ្ឌលកែប្រែម្តងរួចមកហើយ អស់រយៈពេល ០៣ខែ ក្រោយចេញពីមណ្ឌលកែប្រែ គេតែងគម្រាមដាក់រូបគាត់ជាឪពុកម្តាយ និងគម្រាមអ្នកជិតខាងជារៀងរាល់ថ្ងៃ ពេលកូនរបស់គាត់(ជនសង្ស័យ)នៅផ្ទះ ពួកគាត់ជាឪពុកម្តាយមិនហ៊ាននៅផ្ទះ បើនៅលើផ្ទះមិនហ៊ានចុះមកខាងក្រោមផ្ទះឡើយ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងយើងបានចុះធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ។ ក្រោយធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ៖ រូបគេពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាងលើមែន និងបានគម្រាមជនរងគ្រោះ ដោយធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នា ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ គម្រាមថានឹងសម្លាប់ ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

...

ដោយ៖ ហុឹម សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print