ភ្នំពេញ ៖ បុរសម្នាក់បានរបួសបែកក្បាលហូរឈាមជោកខ្លួន បន្ទាប់ពីគាត់ស្រវឹងស្រាស្រឿង ហេីយឃើញនារីបរទេសម្នាក់ស្លៀកពាក់ស៊ិចស៊ី លិចលេីលិចក្រោម ក៏និយាយភាសារអង់គ្លេស លក្ខណៈញ៉ែរូបនាងត្រង់ៗ ស្រាប់តែមានបុរសបរទេសម្នាក់ខឹងបានរុញឲ្យចេញបែរជាជ្រុលធ្វេីឲ្យរអិលជេីងដួលបោកក្បាលនឹងថូផ្ការួចក៏នាំគ្នាដេីរប្រុងគេចខ្លួនភ្លាមនោះបុរសរងគ្រោះងេីបឡេីងមកស្រែកឆោឡោថា ចោរៗ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញមានបុរសបរទេស៣នាក់ និងនារីបរទេសម្នាក់ស្លៀកស៊ិចស៊ីបានឈរជជែកគ្នាលេីចញ្ចេីមផ្លូវ កន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់ស្រវឹងស្រឿងៗ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហេីយបានជួបជនបរទេសប្រុសស្រីទាំង៤នាក់នោះ ដោយឃេីញនារីបរទេសនោះ មានរូបសម្រស់ស្អាត ហេីយស៊ិចស៊ីទៀតនោះ បុរសម្នាក់នោះក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះ លក្ខណៈសាសង(ញ៉ែ) រូបនាងតែម្ដង ។
ប្រភពបន្តថា បន្តិចក្រោយមកឃើញបុរសបរទេសម្នាក់ ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលេីដែរនោះ ដោយបុរសបរទេសនោះក៏និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថាមានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ ស្រាប់តែស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដេីរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង បុរសខ្មែររងគ្រោះក៏រអិលជេីងដួល ហេីយបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោគអាវតែម្ដង ហេីយបុរសបរទេសនោះក៏ដេីរនាំបុរសបរទេសម្នាក់ទៀតដើរចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ។
ភ្លាមនោះបុរសខ្មែររងគ្រោះ ក៏បានស្រែកឆោឡោថា ចោរៗ ដោយស្រែក ចោទប្រកាន់រូបនាងជនបរទេស និងបងប្អូនប្រុសរបស់នាងថា ជាមិត្តភក្តិនិងបុរសបរទេសដែលរុញរូបគាត់ឲ្យដួលហេីយគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្រកែកគ្នាជាមួយពួកគេទាំង២នាក់ រហូតមានប្រជាពលរដ្ឋនិងអ្នកដំណេីរ ចុះមកជួយឃាត់ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ ចុះមកកន្លែងកើតហេតុតែម្ដង។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសួរនាំដឹងមូលហេតុច្បាស់លាស់ហេីយក៏បានអនុញាតិឲ្យជនបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ ត្រលប់ទៅកន្លែងស្នាក់នៅវិញ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកេីតហេតុដើម្បីដាក់ពាក្យបណ្តឹង ៕ ដោយ៖ ភារ៉ា ដង្កោ