ប្រភពព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥បានផ្សព្វផ្សាយថា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ គឺលោក Donald Trump បានអំពាវនាវឲ្យបញ្ឈប់ការអនុញ្ញាតឲ្យ ជនមូស្លីមទាំងអស់ចូលមកក្នុងទឹកដីអាមេរិក បន្ទាប់ពីមានព្រឹត្តិការណ៍បាញ់ប្រហារសម្លាប់រង្គាលនៅរដ្ឋកាលីហ្វ័រនីញ៉ាបណ្តាលឲ្យស្លាប់១៤នាក់ និងរបួស១៧នាក់រួចមកនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍អំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Donald Trump បានបញ្ជាក់ថា ព្រំដែននៅតែបន្តបិទ ដរាបណាប្រទេសរបស់យើងមិនទាន់រកឃើញពីអាកប្បកិរិយារបស់ជនមូស្លីមចំពោះពលរដ្ឋអាមេរិកនោះ ។
នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅរដ្ឋ South Carolina លោក Trump ម្តងហើយម្តងទៀតបានស្រែកឃោសានាឲ្យមានការបញ្ឈប់ពលរដ្ឋមូស្លីមទាំងអស់ចូលទឹកដីអាមេរិក ហើយការឃោសនានោះទទួលបានការទះដៃអបអរសាទរយ៉ាងកងរំពងពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក ។
ទាក់ទងការថ្លែងនេះផងដែរ ភ្លាមៗនោះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍រិះគន់ចំពោះការថ្លែងរបស់លោក Trump បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋនោះ ដោយចាត់ទុកថា នេះមិនមែនជាគោលជំហររបស់ពលរដ្ឋអាមេរិកឡើយ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការថ្លែងនោះវាបានផ្ទុយពីតម្លៃរបស់អាមេរិក និងផ្ទុយពីបញ្ហាសន្តិសុខជាតិរបស់ខ្លួនទាំងមូល ។
កាលពីសប្តាហ៍កន្លងមកនេះ ជនមូស្លីម២នាក់ប្តីប្រពន្ធត្រូវគេដឹងថា ជាអ្នកដែលបានលង់នៅក្នុងក្រុមរ៉ាឌីកាលនោះបានបាញ់ប្រហារសម្លាប់មនុស្ស១៤នាក់ស្ថិតនៅក្នុងមណ្ឌលសុខភាព ទីក្រុង San Bernardino រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថាដ៏កម្រមួយនៅឯវិមាន Oval នោះដើម្បីឆ្លើយតបទាក់ទងការបាញ់ប្រហារនេះ ។ លោកអូបាម៉ា ក៏បានព្រមានផងដែរចំពោះពលរដ្ឋអាមេរិកឲ្យប្រយ័ត្នចំពោះការអូសទាញ់នាំឲ្យមានការបែកបាក់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត