ខេត្ដកំពត៖ ប្រជាពលរដ្ឋបានឱ្យដឹង ថា ទីតាំងកិនថ្មចំនួន៤កន្លែងកំពុងធ្វើ សកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយ គ្មានច្បាប់នៅតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលមានទីតាំងក្នុងឃុំកំពង់ត្រាច និងឃុំអង្គសុភីនៃស្រុកកំពង់ត្រាចដោយ អាជ្ញាធរហាក់ពុំមានវិធានការទប់ស្កាត់ឡើយ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ទីតាំងបំបែកថ្មភ្នំទាំង៤នោះ មានម្ចាស់ ឈ្មោះ ណុក , បារាំង និង ឈ្មោះបៀវ ។
លោក សោម វិចិត្ដ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ដកំពតមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល ច្រើនដងតែពុំមានអ្នកទទួល ។ រីឯលោក អ៊ុំ ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានថ្លែងទទួលស្គាល់ថា ពិតជាមាន អាជីវកម្មកិនថ្មចំនួន៤កន្លែងនៅតំបន់ ខាងលើមែន ។
លោកបន្ដទៀតថា រហូតមកទល់ ពេលនេះលោកនៅមិនទាន់ទទួលបាន ឯកសារណាមួយស្ដីពីភាពស្របច្បាប់ របស់ទីតាំងកិនថ្មទាំង៤នោះនៅឡើយទេ ដោយគ្រាន់តែស្ដាប់តាមការអះអាង របស់ម្ចាស់អាជីវកម្មដែលថា គេបាន សុំច្បាប់ពីថ្នាក់ខេត្ដរួចរាល់ហើយ ហើយ លោកក៏មិនបានសួរនាំឬស្រាវជ្រាវអ្វី ទៀតដែរ ។
បើតាមប្រជាពលរដ្ឋនៅតំបន់នោះ បានឱ្យដឹងទៀតថាសកម្មភាពកិនថ្មល្មើសច្បាប់ទាំងនោះអាចជាការឃុបឃិតគ្នា រវាងអាជ្ញាធរនឹងស្ថាប័នជំនាញ ជា ពិសេសមន្ទីររ៉ែនិងថាមពល ។ ប្រជាពល រដ្ឋធ្លាប់សំណូមពរសុំឱ្យអាជ្ញាធរជួយទប់ស្កាត់សកម្មភាពកិនថ្មនេះដែរ តែអាជ្ញា ធរធ្វើមិនដឹង ៕
ដោយ៖ ហេង នរិន្ទ្រ