ជន​រង​គ្រោះ​៖​ ខ្មែរក្រហម​បាន​ចាប់ខ្លួន​បញ្ជូន​ជនជាតិ​វៀតណាម​ដើម្បី​ដោះ​ដូរ​អង្គរ​ និង​អំបិល​ជាមួយ​ប្រទេស​វៀតណាម​

ចែករំលែក៖

​ភ្នំពេញ​៖​ ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម​បាន​ថ្លែង​ថា​ ខ្មែរក្រហម​បាន​ចាប់ខ្លួន​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​កាន់​ ព្រំដែន​កម្ពុជា​-​វៀតណាម​ ដើម្បី​ដោះ​ដូរ​អង្គរ​ និង​អំបិល​ជាមួយ​ប្រទេស​វៀតណាម​។​ លោក​ ជឿ​ង​ យ៉ាំ​ង​ចែត​ បាន​​ថ្លែងប្រាប់​ង​ង្គ​ជំនុំជម្រះ​សាលាដំបូង​ដូច្នេះ​នៅ​អំឡុង​នៃ​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ទាក់ទង​​នឹង​បទឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​ សាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ នួន​ ជា​ និង​ខៀវ​ សំ​ផ​ន​។​

ECH_7790

លោក​ ជឿ​ង​ យ៉ាំ​ង​ចែត​បាន​ថ្លែង​ថា​លោក​គឺជា​ជន​រង​គ្រោះ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​​ដែល​ស្ថិត​នៅ​ក្នុង​សា​ឡង់​ដែល​ខ្មែរក្រហម​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​វៀតណាម​វិញ​។​ លោក​បន្ត​ថា​​នៅ​ពេល​ទៅ​ដល់​ប្រទេស​វៀតណាម​ អាជ្ញាធរ​បាន​ចែក​អង្ករ​ឱ្យ​ហូប​ និង​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​​រហូត​ដល់​ឆ្នាំ​ ១៩៨២​ ទើប​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។​

​លោក​ ជឿ​ង​ យ៉ាំ​ង​ចែត​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​មួយ​រូប​ទៀត​ដែល​ត្រូវ​បាន​កោះហៅ​ដោយ​អង្គ​ជំនុំជម្រះ​​សាលាដំបូង​ដើម្បី​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​ បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​បាន​បញ្ចប់​ការ​សួរ​ដេញដោល​សាក្សី​ សៅ​ សាក់​។​ លោក​ ជឿ​ង​ យ៉ាំ​ង​ចែត​ បាន​ថ្លែង​ថា​លោក​ត្រូវ​បាន​ខ្មែរក្រហម​ចាប់​យក​ទៅ​សម្លាប់​ជាមួយ​ក្រុម​គ្រួសារ​គាត់​ ដោយ​ បាន​វាយ​លោក​ចំនួន​បី​ខ្នងពូថៅ​ ប៉ុន្តែ​លោក​មិន​ស្លាប់​ដោយ​ត្រឹមតែ​សន្លប់​ធ្លាក់​ចូល​ក្នុង​រណ្តៅ​សាកសព​រួម​។​ លោក​ បាន​រៀបរាប់​ប្រាប់​តុលាការ​ថា​លោក​មាន​ឪពុក​ម្តាយ​ជា​ជនជាតិ​វៀតណាម​មានកំណើត​នៅ​ស្រុក​កំពង់លែង​ ខេត្ត​​កំពង់ឆ្នាំង​។​ ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែង​ថា​នៅ​កន្លែង​ដែល​គាត់​រស់នៅ​មាន​ប្រជាជន​វៀតណាម​ប្រមាណ​ ៣០​ គ្រួសារ​ដែល​រស់នៅ​លាយឡំ​ជាមួយ​ក្រុម​គ្រួសារ​ខ្មែរ​។​

​ជន​រង​គ្រោះ​រូប​នេះ​បាន​ថ្លែង​ថា​ ក្រោយ​ពី​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម​ ក្រុម​គ្រួសារ​លោក​រួម​ទាំង​​ក្រុម​គ្រួសារ​ចាម​ និង​ខ្មែរ​ផ្សេង​ទៀត​ត្រូវ​បាន​ជម្លៀស​មក​ទីរួមខេត្ត​កំពង់ឆ្នាំង​ ដោយ​មាន​អ្នក​និយាយ​ថា​ ប្រសិនបើ​​មិន​ប្តូរ​ទីតាំង​រស់នៅ​ទេ​ ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​សម្លាប់​ចោល​ទាំងអស់​។​ លោក​បាន​រស់នៅ​ក្នុង​ទីរួមខេត្ត​កំពង់​​ឆ្នាំង​ ១​ខែ​ ក្រោយមក​ក៏​ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​បន្ត​ទៅ​កាន់​ភូមិ​ដា​។​ គេ​ស្រែ​កថា​«​ជយោ​!​ សម្តេចឪ​ នរណា​មិន​​ទៅ​កាប់​ចោល​!​ អ្នក​នៅ​លើគោក​ទៅ​តាម​គោក​ ហើយ​អ្នក​នៅ​លើ​ទឹក​ទៅ​តាម​ទឹក​»​។​ លោក​បាន​ថ្លែង​ថា​ អ្នក​ដែល​ត្រូវ​​ជម្លៀស​ចេញ​នោះ​មាន​ប្រមាណ​ ១០០០​ គ្រួសារ​ ហើយ​ផ្ទះ​ដែល​ធ្លាប់​មនុស្ស​រស់នៅ​ត្រូវ​បាន​ក្រុម​ខ្មែរក្រហម​ដុត​​កម្ទេច​ចោល​។​

​លោក​ ជឿ​ យ៉ាំ​ង​ចែត​ បាន​បន្ត​ថា​ក្រុម​ខ្មែរក្រហម​ចំ​នួ​ណ​ ៨​ នាក់​ដែល​មាន​កាំភ្លើង​និង​ពូថៅ​ និង​គល់​ឫស្សី​​ពីងពង់​មួយ​ បាន​មក​ផ្ទះ​គាត់​ និង​បាន​ហៅ​ឈ្មោះ​ឪពុក​របស់​លោក​មុនគេ​ និង​បាន​ចង​នឹង​ខ្សែ​គោ​ និង​បាន​បណ្តើរ​​ចេញ​ទៅ​។​ ពួក​គេ​ពាក់​ខោអាវ​ខ្មៅ​ និង​យក​ក្រមា​បង់ក​។​ លោក​បាន​ថ្លែងប្រាប់​តុលាការ​ថា​ បន្ទាប់​មក​ក្រុម​ខ្មែរ​​ក្រហម​បាន​យក​ទៅ​វាយ​ចោល​នៅ​ក្នុង​រណ្តៅ​មួយ​។​ លោក​បាន​ថ្លែង​ថា​ខ្មែរក្រហម​បាន​វាយ​គាត់​ ចំនួន​បី​ខ្នងពូថៅ​
​នៅ​លើ​កញ្ចឹងក​របស់​គាត់​។​ លោក​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លុតជង្គង់​នៅ​មុខ​រណ្តៅ​ និង​បាន​ទាញ​ជើង​គាត់​ថយក្រោយ​ បន្ទាប់​មក​យក​ពូថៅ​វាយ​ទម្លាក់​ចូល​ក្នុង​រណ្តៅ​ លោក​បាន​សន្លប់​។​ លោក​ថ្លែង​ថា​ លោក​បានដឹង​ខ្លួន​ប្រមាណ​ជា​ម៉ោង​ ៤​ រសៀល​ ហើយ​ក្បាល​គាត់​បាន​ហើម​ និង​ខិតខំ​ប្រឹង​ដើរទៅរ​កភូមិ​អ្នកស្រុក​ដែល​មាន​ជនជាតិ​វៀតណាម​​ដើម្បី​លាក់ខ្លួន​។​

​សាក្សី​ម្នាក់​ទៀត​គឺ​លោក​ ព្រុំ​ សា​រុន​ មាន​អាយុ​ ៧៤​ ឆ្នាំ​ រស់នៅ​ក្នុង​ខេត្តបាត់ដំបង​បាន​ថ្លែង​លោក​បាន​បម្រើ​ ការងារ​ក្នុង​ក្រុម​កង​តូច​នៃ​វរៈ​លេខ​ ២​ របស់​ខ្មែរក្រហម​។​ សាក្សី​ក៏​បាន​រៀបរាប់​ប្រាប់​អង្គ​ជំនុំជម្រះ​ថា​បានឃើញ​ពី​ការ​​ចាប់ខ្លួន​ទៅ​លើ​ជនជាតិ​វៀតណាម​នៅ​ក្នុងភូមិ​របស់​លោក​ដោយ​កម្មាភិបាល​ខ្មែរក្រហម​ក្មេងៗ​ដែល​មាន​ស្ពាយ​កាំភ្លើង​អូស​ដី​។​លោក​បាន​ថ្លែង​ថា​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ត្រូវ​បាន​យក​ទៅ​សម្លាប់​ ចោល​។​ លោក​ថា​​នៅ​ក្នុង​តំបន់​របស់​លោក​មាន​ជនជាតិ​វៀតណាម​រស់នៅ​ និង​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​។​ លោក​ បាន​ថ្លែង​ថា​លោក​ បានឃើញ​សាកសព​មនុស្ស​ស្អុយរលួយ​។​ សាក្សី​បាន​ថ្លែង​ថា​នៅ​ពេល​ដែល​ឃើញ​ដូច្នេះ​ លោក​ មិន​ហ៊ាន​សួរនាំ​ពី​បញ្ហា​នេះ​ទេ​ ហើយ​សូ​ម្បី​តែ​មេ​របស់​លោក​ក៏​មិន​បាន​ប្រាប់​លោក​ដែរ​ ៕

ECH_7784

ECH_7744

ECH_7842

...

ECH_7852

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print