មិនប្រាកដទេអំពីករណីចំណងជើងខាងលើនេះ ប៉ុន្តែក្នុងនាំខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញយល់ឃើញថា កន្លែងបញ្ចាំដែលមិនស្របច្បាប់មួយចំនួនជាមូលហេតុដែលនាំឲ្យមានអំពើប្លន់ ។ អំពើប្លន់មិនមែនតែក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែនៅតាមបណ្តាខេត្តក៏ស្តាប់ទៅក៏ហាក់ដូចជាកក្រើកសម្បើមដែរ ។
នៅភ្នំពេញ បើនិយាយពីកន្លែងបញ្ចាំស្ទើរ២៤ម៉ោងលើ២៤ម៉ោង គឺនៅម្តុំឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ដែលនៅទីនោះ ម្ចាស់ហាងមានខ្នងបង្អែករឹងមាំ ដែលភាគច្រើនជាមន្ត្រីមានសមត្ថកិច្ចពាក់យសស័ក្តិខ្លះគេខ្សឹបថា ដល់ផ្កាយ៣មកកាងហាងបញ្ចាំទាំងនោះផង ។
អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នជំនាញ ហាក់ដូចជាញញើតដៃក្នុងការបង្ក្រាបហាងបញ្ចាំខុសច្បាប់ទាំងនោះ ។ ចោរប្លន់ ចោរលួចដែលធ្វើសកម្មភាពបានអាចយករបស់ទ្រព្យទាំងនោះទៅបញ្ចាំទាំងយប់អធ្រាត្រ ។ ហាងបញ្ចាំទាំងនោះមិនចាំបាច់មានឯកសារអ្វីជាសំអាងនោះទេ ។ ទាំងម៉ូតូ ទាំងរថយន្ត គឺយកទៅបញ្ចាំពេលណា ទទួលពេលនោះ ។ អ្វីដែលសំខាន់គឺតម្លៃថោកនៃសេវាបញ្ចាំ ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើឆក់ប្លន់បាត់បង់ទ្រព្យសម្បតិ្តសុទ្ធតែនិយាយស្រដៀងគ្នាអំពីមូលហេតុដែលនាំឲ្យមានអំពើអសកម្មក្នុងសង្គមនោះគឺរួមចំណែកដោយសារហាងបញ្ចាំនេះឯង ។ ហាងបញ្ចាំដែលភាគច្រើននៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករកស៊ីយូរឆ្នាំណាស់មកហើយ មិនឃើញមានស្ថាប័នជំនាញចុះទៅរៀបរយឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។
ប្រជាពលរដ្ឋរំពឹងថា ស្ថាប័នមានសមត្ថកិច្ចនឹងពិនិត្យពិច័យករណីហាងបញ្ចាំដែលគ្មានច្បាប់នេះឡើងវិញ ។ បញ្ហាមួយទៀត បណ្តាមន្ត្រីដែលមានយសស័ក្តិមិនគួរធ្វើជាខ្នងបង្អែកឲ្យហាងបញ្ចាំមិនស្របច្បាប់ទាំងនេះទេ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់