មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះ

ចែករំលែក៖

បន្ទាយមានជ័យ៖ ផ្ទៃដីដំណាំស្រូវជួបកង្វះខាតទឹកប្រមាណជាង ៥.០០០ ហិកតា របស់បងប្អូនប្រជាកសិករក្នុងឃុំចំនួន ០៤ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៥ នេះថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅក្នុងស្រុកមង្គលបូរីនេះ គឺក្រុមការងារមន្ទីររបស់លោក ប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៦ គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន ០១ គ្រឿង និងម៉ាស៊ីនស្ថានីយបណ្តែតទឹក ចំនួន ០១គ្រឿង ដើម្បីបូមយកទឹកពីស្ទឹងមង្គលបូរី មកសង្គ្រោះដំណាំស្រូវស្ថិតក្នុងឃុំសឿ ចំនួន ១.៩២៧ ហិកតា, ឃុំគុយម៉ែង ចំនួន ១.៤០០ ហិកតា, ឃុំរហាត់ទឹក និងឃុំភ្នំធំ សរុបចំនួន ១.៧៥២ ហិកតា។
លោក យឹម ប៊ុនរ៉ុម បានបន្តថា គិតចាប់ពីថ្ងៃចុះជួយអន្តរាគមន៍ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ផ្ទៃដីស្រូវប្រមាណជាង ២.០០០ហិកតា ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ក្នុងនោះមានឃុំសឿ យើងសង្គ្រោះបានចំនួន ៩៩៧ ហិកតា, ឃុំគុយម៉ែង ចំនួន ៣៧៨ ហិកតា, ឃុំរហាត់ទឹក និងឃុំភ្នំធំ បានចំនួន ៦៩៨ ហិកតា ។ លោកបន្តថា ក្រុមការងាររបស់លោកកំពុងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបន្តអន្តរាគមន៍សង្គ្រោះផ្ទៃដីដែលនៅសេសសល់ បើទោះបីជាផ្ទៃដីមួយចំនួនប្រជាកសិករបានដាំដុះនៅឆ្ងាយពីប្រភពទឹក ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងខេត្តបន្ទាយមានជ័យ ប្រជាកសិករ បាន និងកំពុងធ្វើលើសផែនការដែលបានដាក់ចុះ ពោលគឺបានចំនួន ១៩.៣២៨ ហិកតា ស្មើនឹង ១៦១ ភាគរយនៃផែនការ និងកំពុងបន្តដាំដុះ ។ ចំពោះស្រូវវស្សាវិញ មកដល់ពេលនេះ ប្រជាកសិករប្រមូលផលបានចំនួន ១៣២.០០០ ហិកតា ស្មើនឹងជាង ៥៣ភាគរយ នៃផ្ទៃដីផលិតបាន៕ 
    
    
    
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print