ភ្នំពេញ៖ ជនរងគ្រោះជាជនជាតិវៀតណាមបានថ្លែងថា ខ្មែរក្រហមបានចាប់ខ្លួនបញ្ជូនជនជាតិវៀតណាមទៅកាន់ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីដោះដូរអង្គរ និងអំបិលជាមួយប្រទេសវៀតណាម។ លោក ជឿង យ៉ាំងចែត បានថ្លែងប្រាប់ងង្គជំនុំជម្រះសាលាដំបូងដូច្នេះនៅអំឡុងនៃដំណើរការសវនាការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៥ ទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ប្រឆាំងនឹងជនជាតិវៀតណាមប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។
លោក ជឿង យ៉ាំងចែតបានថ្លែងថាលោកគឺជាជនរងគ្រោះវៀតណាមម្នាក់ក្នុងចំណោមច្រើននាក់ដែលស្ថិតនៅក្នុងសាឡង់ដែលខ្មែរក្រហមចាប់បញ្ជូនជនជាតិវៀតណាមទៅប្រទេសវៀតណាមវិញ។ លោកបន្តថានៅពេលទៅដល់ប្រទេសវៀតណាម អាជ្ញាធរបានចែកអង្ករឱ្យហូប និងបានបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ឆ្នាំ ១៩៨២ ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក ជឿង យ៉ាំងចែត ជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូបទៀតដែលត្រូវបានកោះហៅដោយអង្គជំនុំជម្រះសាលាដំបូងដើម្បីស្តាប់ការផ្តល់សក្ខីកម្ម បន្ទាប់ពីអង្គជំនុំជម្រះបានបញ្ចប់ការសួរដេញដោលសាក្សី សៅ សាក់។ លោក ជឿង យ៉ាំងចែត បានថ្លែងថាលោកត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ជាមួយក្រុមគ្រួសារគាត់ ដោយ បានវាយលោកចំនួនបីខ្នងពូថៅ ប៉ុន្តែលោកមិនស្លាប់ដោយត្រឹមតែសន្លប់ធ្លាក់ចូលក្នុងរណ្តៅសាកសពរួម។ លោក បានរៀបរាប់ប្រាប់តុលាការថាលោកមានឪពុកម្តាយជាជនជាតិវៀតណាមមានកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងថានៅកន្លែងដែលគាត់រស់នៅមានប្រជាជនវៀតណាមប្រមាណ ៣០ គ្រួសារដែលរស់នៅលាយឡំជាមួយក្រុមគ្រួសារខ្មែរ។
ជនរងគ្រោះរូបនេះបានថ្លែងថា ក្រោយពីការឡើងកាន់អំណាចរបស់ខ្មែរក្រហម ក្រុមគ្រួសារលោករួមទាំងក្រុមគ្រួសារចាម និងខ្មែរផ្សេងទៀតត្រូវបានជម្លៀសមកទីរួមខេត្តកំពង់ឆ្នាំង ដោយមានអ្នកនិយាយថា ប្រសិនបើមិនប្តូរទីតាំងរស់នៅទេ ពួកគេនឹងប្រឈមមុខនឹងការសម្លាប់ចោលទាំងអស់។ លោកបានរស់នៅក្នុងទីរួមខេត្តកំពង់ឆ្នាំង ១ខែ ក្រោយមកក៏ត្រូវបានខ្មែរក្រហមជម្លៀសបន្តទៅកាន់ភូមិដា។ គេស្រែកថា«ជយោ! សម្តេចឪ នរណាមិនទៅកាប់ចោល! អ្នកនៅលើគោកទៅតាមគោក ហើយអ្នកនៅលើទឹកទៅតាមទឹក»។ លោកបានថ្លែងថា អ្នកដែលត្រូវជម្លៀសចេញនោះមានប្រមាណ ១០០០ គ្រួសារ ហើយផ្ទះដែលធ្លាប់មនុស្សរស់នៅត្រូវបានក្រុមខ្មែរក្រហមដុតកម្ទេចចោល។
លោក ជឿ យ៉ាំងចែត បានបន្តថាក្រុមខ្មែរក្រហមចំនួណ ៨ នាក់ដែលមានកាំភ្លើងនិងពូថៅ និងគល់ឫស្សីពីងពង់មួយ បានមកផ្ទះគាត់ និងបានហៅឈ្មោះឪពុករបស់លោកមុនគេ និងបានចងនឹងខ្សែគោ និងបានបណ្តើរចេញទៅ។ ពួកគេពាក់ខោអាវខ្មៅ និងយកក្រមាបង់ក។ លោកបានថ្លែងប្រាប់តុលាការថា បន្ទាប់មកក្រុមខ្មែរក្រហមបានយកទៅវាយចោលនៅក្នុងរណ្តៅមួយ។ លោកបានថ្លែងថាខ្មែរក្រហមបានវាយគាត់ ចំនួនបីខ្នងពូថៅ
នៅលើកញ្ចឹងករបស់គាត់។ លោកត្រូវបានគេបង្ខំឱ្យលុតជង្គង់នៅមុខរណ្តៅ និងបានទាញជើងគាត់ថយក្រោយ បន្ទាប់មកយកពូថៅវាយទម្លាក់ចូលក្នុងរណ្តៅ លោកបានសន្លប់។ លោកថ្លែងថា លោកបានដឹងខ្លួនប្រមាណជាម៉ោង ៤ រសៀល ហើយក្បាលគាត់បានហើម និងខិតខំប្រឹងដើរទៅរកភូមិអ្នកស្រុកដែលមានជនជាតិវៀតណាមដើម្បីលាក់ខ្លួន។
សាក្សីម្នាក់ទៀតគឺលោក ព្រុំ សារុន មានអាយុ ៧៤ ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបងបានថ្លែងលោកបានបម្រើ ការងារក្នុងក្រុមកងតូចនៃវរៈលេខ ២ របស់ខ្មែរក្រហម។ សាក្សីក៏បានរៀបរាប់ប្រាប់អង្គជំនុំជម្រះថាបានឃើញពីការចាប់ខ្លួនទៅលើជនជាតិវៀតណាមនៅក្នុងភូមិរបស់លោកដោយកម្មាភិបាលខ្មែរក្រហមក្មេងៗដែលមានស្ពាយកាំភ្លើងអូសដី។លោកបានថ្លែងថាជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួនត្រូវបានយកទៅសម្លាប់ ចោល។ លោកថានៅក្នុងតំបន់របស់លោកមានជនជាតិវៀតណាមរស់នៅ និងនិយាយភាសាខ្មែរមិនច្បាស់។ លោក បានថ្លែងថាលោក បានឃើញសាកសពមនុស្សស្អុយរលួយ។ សាក្សីបានថ្លែងថានៅពេលដែលឃើញដូច្នេះ លោក មិនហ៊ានសួរនាំពីបញ្ហានេះទេ ហើយសូម្បីតែមេរបស់លោកក៏មិនបានប្រាប់លោកដែរ ៕